ដោយ​: សម្បត្តិ / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិត​បង្គាប់ការ លេខ ០២៦ ល​.​ប​.​ក ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីពី​ការចាត់តាំង​ក្រុមការងារ​នៃ​ការិយាល័យ​អត្តសញ្ញាណ​កម្ម ចុះ​ត្រួតពិនិត្យ ណែនាំ តម្រង់ទិស ពាក់ព័ន្ធ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​លឿន​ឆាប់​ហ័ស បន្ទាប់ពី​មើលឃើញថា នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មួយចំនួន ពាក់ព័ន្ធ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ នៅ​មិនទាន់​បានល្អ​នៅឡើយ​នោះទេ​។

​កិច្ចប្រជុំ បានធ្វើ​ឡើង​នៅ​សាលប្រជុំ នៃ​អគារ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាន់​ទី​៣ ក្នុងនោះ មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លូ រ៉ា​បូ ស្នងការរង ទទួល​ជំនួយ​ដឹកនាំ​ការងារ​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ , លោក​វរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ស្នងការរង​ទទួល​ជំនួយ​ដឹកនាំ​ការងារ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ​, លោក​វរសេនីយ៍ឯក អេង អេ​លី​យ៉ាន នាយការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ , លោក​វរសេនីយ៍ឯក ទឹម ចាន់ណា​រិ​ទ្ធ នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​វត្តមាន​លោក​-​លោកស្រី នាយរង​កា​រិ​. នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ទាំងអស់ ចំណុះ​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង ក៏បាន​លើកឡើង ដោយ​ណែនាំ​ដល់​ក្រុមការងារ ដែល​ចុះ​ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង​១០៥ និង អធិការដ្ឋាន​នគរបាល​ខណ្ឌ ទាំង​១៤ ត្រូវយក​ចិត​ទុកដាក់​បំពេញ ភារកិច្ច ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ភាព​អសកម្ម​ការងារ លើ​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ជំរុញ​កិច្ចការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្មនេះ ឱ្យបាន​ត្រឹមត្រូវ តាម​គោលការណ៍ និង​នីតិវិធី​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការរង ក៏​ណែនាំ​មន្ត្រី​ការិយាល័យ​ជំនាញ នៅពេល​ចុះទៅ ក៏ត្រូវ​ណែនាំ​ដល់​មន្ត្រី​នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់ ចំពោះ​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ ក្នុងនោះ ក៏​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​រាល់​ឯកសារ​នានា មុននឹង​ផ្តល់​សេវា​អត្តសញ្ញាណ​កម្មនេះ ធ្វើបែបនេះ គឺ​ដើម្បី​ចៀសវាង​ការផ្តល់​ឯកសារ​កម្ពុជា​មិន​ប្រក្រតី ជូន​ដល់​ជនបរទេស​អន្តោប្រវេសន៍ មក​រស់នៅ​ខុសច្បាប់​ដែល​ធ្វើឱ្យមាន​បញ្ហា​ចំពោះមុខ​ច្បាប់​។ ក្នុងនោះ ក៏ត្រូវ​ចុះ​ត្រួតពិនិត្យ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​មន្ត្រី​ជំនាញ​លើ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម នៅក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​របាយការណ៍ ជូន​ដល់​ថ្នាក់លើ ក្នុង​ការយកមក​ពិភាក្សា​ដោះស្រាយ​។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នោះដែរ លោកស្នងការ​រង​ទទួល​ជំនួយ​ដឹកនាំ​ការិយាល័យ​ជំនាញ​ទាំងពីរ លោកនាយ​ការិយាល័យ​ជំនាញ និង​លោក​លោកស្រី​នាយរង នាយផ្នែក និង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​ពិភាក្សា​លើ​ការងារ​កសាង​ផែនការ​សកម្មភាព​សម្រាប់​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម ដែល​ត្រូវធ្វើ​នាពេលខាងមុខ ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា ក្នុង​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម លើកយក​រក​វិធី​ដោះស្រាយ ឲ្យ​បាន​ឆាប់​បំផុត និង​មាន​ប្រសិទ្ធភាព​៕/V​