ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ ពន្លឿននៃការស្ដារប្រឡាយបឹងត្របែក ឱ្យបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿង ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។
ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាព នៃការស្ដារបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានចម្ងាយប្រមាណជិត មួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែក ផ្លូវ២៧១ ។
នៅក្នុងឱកាស នៃការចុះពិនិត្យនោះលោក ឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ កាយសំរាម ភក់ និងស្មៅ ដែលជារនាំងឃាំងទឹក ក្នុងប្រឡាយបឹងត្របែកនេះ ឱ្យអស់ ពោលគឺ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ម្តងៗ ទឹកអាចហូរបានលឿន ទៅដល់មុខស្ថានីយ ដែលអាចឱ្យស្ថានីយបូមទឹកបឹងត្របែក អាចមានសមត្ថភាពបូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យផងដែរថា ប្រឡាយបឹងត្របែក ត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមានការស្តារឡើងវិញ ជាមួយនឹងការចាក់ទំនប់ជាផ្លូវតាមមាត់ប្រឡាយ ទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង ៨២៧ ម៉ែត្រ។ ជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុង ដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយ ដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះ ឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែក នេះផងដែរ ៕/V