ដោយៈ​ សុផល / ភ្នំពេញ​: ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍ ថ្ងៃទី​២-៣ ខែកក្កដា ឆ្នាំ​២០២២ ភ្ញៀវ​សរុប​មាន​ចំនួន ២៩៧.៤០២ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២៧៨.៦៨១ នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១៨.៧២១ នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ទទួលបាន​ទេសច​រ​ច្រើនជាងគេ រួមមាន​៖ ខេត្ត​ព្រះសីហនុ ៥៤.៦០៨ នាក់​, សៀមរាប ៤៦.៦២០ នាក់​, បាត់ដំបង ៤០.៤១៩ នាក់​, កំពត ៣៩.៨៧៩ នាក់​, កែប ១៦.១៨៧ នាក់​, រាជធានី​ភ្នំពេញ ១៥.៦៥៣ នាក់​, ពោធិ៍សាត់ ១២.៧៦៩ នាក់ និង ខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់​។

​តួលេខ​នេះ មានការ​ថមថយ​ប្រមាណ ៦,៧៣% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ដែល​នៅ​រដូវភ្លៀង ចលនា ទេសចរ​ផ្ទៃក្នុង តែងមាន​ការ​ថមថយ ជាធម្មតា ។ ប៉ុន្តែ​គោលដៅ​ទេសចរណ៍ នៃ​ខេត្ត​ព្រះសីហនុ នៅតែ​ជា​គោលដៅ​ពេញនិយម ដែល​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ច្រើនជាងគេ ខណៈដែល​ខេត្តសៀមរាប ក៏បាន​ទទួលភ្ញៀវ​ទេសច​រ ច្រើន​ផងដែរ បន្ទាប់ពី​មាន​បើក​ដំណើរការ​រមណីយដ្ឋាន​សំខាន់​មួយចំនួន និង​ការតភ្ជាប់​ជើងហោះហើរ តាមផ្លូវ​អាកាស ជា​បន្តបន្ទាប់​។

​ជាក់ស្តែង ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ​អ៊ែរ (Cambodia Angkor Air) បាន​ភ្ជាប់​ជើងហោះហើរ​ពី​ខេត្តសៀមរាប ទៅ​ខេត្ត​ព្រះសីហនុ និង​ទៅ​ខេត្ត​ដា​ណា​ង​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​។

​ជាមួយ​ការ​កំរើក​ឡើងវិញ នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​ក្រើនរំលឹក​ដល់ មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត និង​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ អំពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​វិធាន សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP)៕/V​