ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ការទាមទារ​របស់​ស​ហ​មេធាវី​លោក​កឹម សុខា ដែល​ស្នើ​ឲ្យ​ថ្វាយ​អំណាច​ដល់​ព្រះមហាក្សត្រ គឺជា​ការបំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ និង​មិន​ស្របទៅនឹង​បញ្ញត្តិ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​រដ្ឋធម្មនុញ្ញ​បាន​បញ្ញត្តិ​យ៉ាងច្បាស់​ថា​ព្រះមហាក្សត្រ​គ្រងរាជ្យ​តែ​មិន​កាន់អំណាច​។​នេះ​បើ​យោងតាម​ប្រភព​AMS​។

លោកជិន ម៉ាលីន (រូបថតឯកសារ)

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ហៅ​ការលើកឡើង​មួយចំនួន ទៀត​របស់​សហ​មេធាវី​លោក​កឹម សុខា គឺជា​ការមិន​ត្រឹមត្រូវ​និង​មានការ​យល់ដឹង​ផ្នែក​ច្បាប់​នៅ មាន​កម្រិត​នៅឡើយ​។​លោក​បន្ថែមថា ការប្រើប្រាស់​ទិដ្ឋភាព​នយោបាយ ឬក៏​ភ្ជាប់​ទៅ​រឿង​នយោបាយ ទាមទារ​ឲ្យ​មានការ​ចរចា​ផ្នែក​នយោបាយ​គឺ​មិនមាន​ឥទ្ធិពល​ផ្នែក​ផ្លូវច្បាប់​ទៅលើ​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​។

​លោក ជិន ម៉ា​លីន ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា​នេះ​ថា ការលើកឡើង​តាមរយៈ​សំណេរ​របស់​ក្រុម​មេធាវី​របស់លោក​កឹម សុខា កាន់តែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ការយល់ដឹង​ផ្នែក​ច្បាប់​របស់​ពួកគាត់​នៅមានកម្រិត​។ ហេតុដូច្នេះ​ហើយ​បានជា​យើង​កម្រ ឬក៏​សឹងតែ​មិនឃើញ​ពួកគាត់​ប្រើប្រាស់​វិធីសាស្ត្រ យុទ្ធសាស្ត្រ ឬក៏​មូលដ្ឋាន​ផ្នែក​ច្បាប់​ទាល់ តែ​សោះ​ក្នុងការ​ការពារ​កូនក្តី​របស់ខ្លួន​។ ហើយ​ប្រើប្រាស់​តែ​ទៅលើ​ទិដ្ឋភាព​នយោបាយ ឬក៏​ភ្ជាប់​ទៅ​រឿង​នយោបាយ ហើយ​ទាមទារ​ឲ្យ​មាន​ការចរចា​ផ្នែក​នយោបាយ​វិញ​។ វិធីសាស្ត្រ​បែបនេះ គឺ​មិនមាន​ឥទ្ធិពល​ផ្នែក​ផ្លូវច្បាប់​ទៅលើ​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​។ ក្នុងនាម​ជា​មេធាវី​គួរតែ​ប្រើប្រាស់​ផ្លូវច្បាប់ ចំណេះដឹង​ផ្នែក​ច្បាប់ និង​នីតិវិធី​ច្បាប់ ឲ្យ​បាន​ច្រើន​ក្នុង​ការការពារ​កូនក្តី របស់ខ្លួន ចៀស​ជាង​ភ្ជាប់​ទៅ​រឿង​នយោបាយ​។ ហើយ​បើ​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​ទេ ហើយ​ចេះតែ​ភ្ជាប់​នឹង​រឿង​នយោបាយ​មិនអាច​ការពារ​កូនក្តី​របស់ខ្លួន​បាន​នោះទេ​។​

​អ្នកនាំពាក្យ​ដដែល​បាន​សង្កត់ធ្ងន់ថា “​បញ្ហា​នៅត្រង់ថា រឿង​នយោបាយ​វា​ជា​រឿង​ដោយឡែក វា​អាស្រ័យទៅលើ​ការចរចា​រវាង​អ្នកនយោបាយ ក៏ប៉ុន្តែ​ក្នុងករណី​អ្នកនយោបាយ​ប្រព្រឹត្តល្មើស​ទៅ​និង​ច្បាប់ គឺ​ត្រូវតែ​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់ តាម​ដំណើរការ​នីតិវិធី​របស់​តុលាការ​ដែលមាន​ជា​ធរមាន​”​។​
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បន្តថា ការដែល​លើកឡើងថា មន្ត្រី​តុលាការ​ដែលមាន​ឈ្មោះ ក្នុង​រចនាសម្ព័ន្ធ​គណបក្ស​ត្រូវតែ​លុបឈ្មោះ​ចោល គឺ​រិត​តែ​ខុស​ទៅ​និង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ខុស​រដ្ឋធម្មនុញ្ញ ហើយ​ខុស​ទៅ​និង​ច្បាប់​ស្តីពី​អង្គការ​ចាត់តាំង​តុលាកា​រ​ទៀត​។ ពីព្រោះ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​គោលការណ៍​ច្បាប់​អន្តរជាតិ ក៏ដូចជា​ច្បាប់​ស្តីពី​អង្គការ​ចាត់តាំង​តុលាកា​រ គេ​ធានា​នៅ​សិទ្ធិ​ខាង​ផ្នែក​នយោបាយ​របស់​ពល រដ្ឋ ហើយ​មន្ត្រី​តុលាការ ក៏​ជា​ពល រដ្ឋ​ដែរ គាត់​មាន​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ធ្វើ​សកម្មភាព​នយោបាយ ក៏ប៉ុន្តែ​សំខាន់​កុំ​ឲ្យ​ប៉ះពាល់ ទៅ​និង​វិជ្ជាជីវៈ​របស់ គាត់​ដូចជា​ការ ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ម៉ោង​ធ្វើការ ឬមួយ​ភាពលំអៀង​ក្នុងការ​សម្រេចសេចក្តី ដោយសារតែ​និន្នាការ​នយោបាយ​បាន​គេ​ហាម​។ ប៉ុន្តែ​ការដែល​គាត់​ចូលរួម​ជីវភាព​នយោបាយ ឬក៏​ធ្វើ​សកម្មភាព​នយោបាយ ឬក៏​មានឈ្មោះ ក្នុង​រចនាសម្ព័ន្ធ គណបក្ស​ច្បាប់​មិនបាន​ហាម​នោះទេ​។ លើកលែងតែ គាត់ ធ្វើ​សកម្មភាព​ក្នុងពេល​បំពេញការងារ ហើយ ដែល​ប៉ះពាល់​ទៅ​និង​វិជ្ជាជីវៈ​របស់ខ្លួន​។ ហើយ​ការ លើកឡើង​របស់លោក​ផែង ហេង មេធាវី​ការពារ​លោក​កឹម សុខា គឺ​វា​មិន​ផ្អែកទៅលើ​គោលការណ៍ សិទ្ធិមនុស្ស​អន្តរជាតិ មិន​ផ្អែកលើ​រដ្ឋធម្មនុញ្ញ ហើយក៏​មិន​ផ្អែក​ទៅនឹង​បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្រព្រឹត្តទៅ​របស់​អង្គការ​តុលាការ​ដែរ​។​

​អ្នកនាំពាក្យ​បន្តថា “​ការទាមទារ​ប្រគល់​អំណាច​ដល់​ព្រះមហាក្សត្រ គឺជា​ការបំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ ហើយ​មិន​ស្រប​ទៅ​និង​បញ្ញត្តិ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​បញ្ញត្តិ​យ៉ាងច្បាស់​ថា ព្រះមហាក្សត្រ​គ្រងរាជ្យ​តែ​មិន​កាន់អំណាច​។ ហើយ​បញ្ញត្តិ​នេះ​រដ្ឋធម្មនុញ្ញ​ហាមប្រាម​ទៀតថា មិន​ឲ្យ​ធ្វើការ​កែប្រែ​ទៀត អីចឹង​ការលើកឡើង​នេះ គឺ​គ្រាន់តែ​ជា​ចង់​ចំណេញ​ខាង​ផ្នែក​នយោបាយ ហើយ​យក​ព្រះមហាក្សត្រ​មិន​បិទបាំង និង​ជា​របាំង​ការពារ​នៅ​អំពើ​ល្មើស​របស់​កូនក្តី ឬក៏​ក្រុម​ខ្លួន​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ការលើកឡើង​នេះ​វា​មិនអាច ទៅរួច​ទេ ជា​ទិដ្ឋភាព​ផ្លូវច្បាប់ វា​បំពាន ទៅ​និង​រដ្ឋធម្មនុញ្ញ ហើយ គោលការណ៍​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​ផងដែរ “៕​សរន​