ដោយៈ ឫទ្ធិស័ក្តិ,សម្បត្តិ/ភ្នំពេញ៖អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ដែលបាញ់សម្លាប់គ្នាឯងទាំងកណ្តាលថ្ងៃបណ្តាលឱ្យបុរសម្នាក់ស្លាប់។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់រស្មីកម្ពុជានៅល្ងាច ថ្ងៃទី៥ខែកក្កដានេះថា ខណៈនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវករណីបាញ់សម្លាប់បុរសម្នាក់ដែលជាអ្នកធ្វើការរួមគ្នានេះហើយ។
គួរបញ្ជាក់ថា ពេលនេះខ្មាន់កាំភ្លើងកំពុងតែគេចខ្លួន បន្ទាប់ពីបាញ់ជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗរួចមក។
សូមជម្រាបថា មានផ្ទុះអាវុធជាច្រើគ្រាប់នៅក្នុងវិឡារបស់ឧកញ៉ាល្បីឈ្មោះម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានបណ្តាលឲ្យអង្គរក្សម្នាក់ស្លាប់។ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ ភូមិ៨ ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់រស្មីកម្ពុជាថា ជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ អាយុ៤២ឆ្នាំ មុខរបរអង្គរក្ស (មានស្រុកកំណើតនៅខេត្តព្រៃវែង)។ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិទួលពង្រ សង្កាត់់ត្រពាំងក្រឡឹង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកអ្នកបាញ់ឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរមានស្រុកកំណើតនៅខេត្តកណ្តាល។បន្ទាប់ពីបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះរួចបានជិះម៉ូតូរត់គេចខ្លួនបាត់។ជនរងគ្រោះត្រូវបានជនដៃដល់បាញ់ត្រូវខ្លួនជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
បើតាមការបញ្ជាក់របស់អ្នកបម្រើការនៅផ្ទះកើតហេតុបានឲ្យដឹងថាជនរងគ្រោះនិងអ្នកបង្កហេតុកន្លងមកពុំដែល មានទំនាស់ពាក្យសម្ដីនឹងគ្នាខ្លាំងទេ តែមានការអន់ចិត្តនឹងគ្នាដោយពុំសូវនិយាយស្តីរកគ្នាទេ។
សេចក្តីរាយការណ៍ពីភ្នាក់ងាររស្មីកម្ពុជាដែលបានចុះទៅកន្លែងកើតហេតុនិងបានដកស្រង់ប្រភពនានា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយនៅលើកៅអីក្នុងប៉ុស្តិ៍យាម ។ចំណែកជនសង្ស័យបានបណ្តើរម៉ូតូចេញមកខាងក្រៅរបងផ្ទះ បានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះដែលអង្គុយនៅលើកៅអីជាច្រើនគ្រាប់។ បន្ទាប់ពីបាញ់ជេះនរងគ្រោះជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនខ្មាន់កាំភ្លើងដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕សរន