ដោយ​: រ៉ា​ម៉ន​/​ព្រះវិហារ​: លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​សង្គម​ថ្មី ដែល​ស្រឡាញ់​ជឿជាក់​គណបក្ស​ប្រជាជន​កម្ពុជា ស្រឡាញ់​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្វើការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឱ្យ​គណបក្ស​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ក្នុងឱកាស​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥​កន្លងទៅ​ថ្មីៗ​នេះ​។​

​ការ​ថ្លែង​បែបនេះ​របស់លោក សំ លាង​ទ្រី​បានធ្វើ​ឡើង ខណៈ​លោក​បាន​អញ្ជើញ​ចូលរួម ជាមួយ​លោក ចាន់ ន​ន់​វិទ្យា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១​ថ្ងៃ​បង្កើត​គណបក្ស​ប្រជា​ជា​កម្ពុជា (២៨​មិថុនា​១៩៥១–២៨​មិថុនា​២០២២) នា​ព្រឹក​ថ្ងៃ​០៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ស្រុក​សង្គម​ថ្មី ដោយមាន សមាជិក សមាជិកា​បក្ស​ចំនួន​៥០០​នាក់ ចូលរួម​។​

​បន្ថែម​ពីនេះ លោក​ក៏បាន​លើកឡើង​ពី​គម្រោង​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន នានា នៅក្នុង​ខេត្តព្រះវិហារ នា​ថ្ងៃ​ខាងមុខ ក្រោម​ការដឹកនាំ​របស់​លោក មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងទិសដៅ​រួម​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​បញ្ជាក់ជូន​សមាជិក ឬ​សមាជិកា​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​បន្ត​ខិតខំ​កសាង ការពារ និង​អភិវឌ្ឍ​ជាតិ ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​ប្រជាជន ក្នុង​អាណត្តិ ២០១៨–២០២៣ និង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ អភិវឌ្ឍ​គ្រប់​វិស័យ​ប្រកបដោយ​ប្រសិទ្ធ ភាព​សមធម៌ និង​និរន្តរភាព​។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ការពារ​សុខសន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក និង​ប្រឆាំង​ចំពោះ​ជន​ណា​ដែល​មានបំណង​បំផ្លាញ​សុខសន្តិភាព​ក្នុងប្រទេស​របស់​យើង​។​

​លោក វ៉ា សេដ្ឋា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្គម​ថ្មី បាន​អាន​សុន្ទរកថា​ទាំងស្រុង​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៧១ ទៅកាន់​សមាជិក​–​សមាជិកា ប្រមាណ ៥០០​នាក់ ដោយបាន​លើកយក​ប្រវត្តិ​សង្ខេប នៃ​ការចាប់បដិសន្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា «​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​» បន្ទាប់មក​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា «​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក ចាន់ ន​ន់​វិទ្យា បាន​ថ្លែងថា ចាប់​តាំង​ថ្ងៃ​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​ដោយ​ឈរលើ​គោលការណ៍ តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ រួមសុខ​រួមទុក្ខ​ប្រមូល ឬ​កៀរគរ​កម្លាំង ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ មាតុភូមិ ស្រឡាញ់​ប្រជាធិបតេយ្យ​សេរីភាព សន្តិភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ជនជាតិ និង​ឋានៈ ដើម្បី​រួបរួមគ្នា ជា​កម្លាំង​សាមគ្គី​ជាតិ យ៉ាងរឹងមាំ ក្នុងការ​ការពារ​បូរណភាព​ទឹកដី កសាង​ប្រទេសជាតិ ឯករាជ្យ សេរីភាព អ​ព្យា​ក្រឹត្យ​ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ស្ថិតក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខសន្តិភាព ដែល​បានមកពី​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បាន​បន្តថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលី​កម្ម​ដើម្បី​ឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ ៤៧​ឆ្នាំ បាន​កន្លងមក កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​សង្គ្រាមស៊ីវិល​រាំ​រ៉ៃ ប្រទេស​ត្រូវបាន​បែកបាក់ និង​បំផ្លាញ​ស្ទើរ​ទាំងស្រុង ទុរគត និង​អសន្តិសុខ​ស្បៀង មកជា​ប្រទេស មាន​សុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាព​ប្រជាធិបតេយ្យ នីតិរដ្ឋ​ធម្មនុញ្ញ និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ពេញលេញ​។​ជាងនេះទៅទៀត​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង នូវ​ដំណើរការ​សន្តិ​ភាវូបនីយកម្ម តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​–​ឈ្នះ ដែល​បានបញ្ចប់​ទាំងស្រុង នូវ​សង្គ្រាមស៊ីវិល​រាំ​រ៉ៃ បង្កើតបាន​សុខសន្តិភាព នៅ​ទូទាំង​ផ្ទៃ​ប្រទេស​។​

​នៅក្នុង​ពិធី​នេះដែរ​ក៏មាន​ការ​ពិសារ​អារ​ហារ​សាមគ្គី និង​រាំលេង​កំសាន្ត​ជុំគ្នា​ដោយ​សប្បាយរីករាយ​ផងដែរ​៕​