ដោយៈ​ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង: កាលពី​ថ្ងៃទី​៥  ខែកក្កដា ​នៅ​សាលាខេត្ត​មាន​រៀបចំ​ប្រជុំ​សាមញ្ញ​លើក​ទី​៣៧ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត នាយក​នាយករង​រដ្ឋ​បាល​សាលាខេត្ត លោក​ឧត្ដម​សេ​នី​យ៍ លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​។​

​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​បាន​ជម្រាបជូន​ក្រុមប្រឹក្សា​ខេត្ត អំពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​ខេត្ត​សម្រេចបាន និង​ទិសដៅ​ការងារ​ដែល​ត្រូវអនុវត្ត​បន្ត ។​ក្នុងនោះ​រួមមាន ការថែរក្សា​និង​ពង្រឹង​សន្តិសុខ សណ្ដាប់​​ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម តាមរយៈ​ការអនុវត្ត​គោល​ នយោបាយ​ភូមិ​ឃុំ​សង្កាត់​ មាន​សុវត្ថិភាព ការបង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក បទល្មើស​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ ការជំរុញ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ផ្ទៃដី​តំបន់​៣​ជូន​ប្រជាពលរដ្ឋ ការជំរុញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ការជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ការជំរុញ​ការងារ​បង្កបង្កើនផល និង​ការងារ​សំខាន់ៗ​មួយចំនួន​បន្តទៀត​៕​សរន​