​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្នុងជំនួប​ផ្លូវការ​មួយ​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ចិន​និង​ថៃ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច ព្រមទាំង​បាន​បញ្ជាក់​អំពី​តំរូវការ​នៅ​​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​នៅក្នុង​ពិភពលោក​ដែល​ប្រែប្រួល​រហ័ស​មួយ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​បាងកក​ថា «​ទោះជា​ស្ថានការណ៍​ជុំវិញ​ពិភពលោក​កំពុង​ជ្រួលច្របល់​និង​ផ្លាស់ប្តូរ​ជាប្រចាំ ទំនាក់ទំនង​រវាង​ចិន​និង​ថៃ​តែងតែ​​រឹងមាំ​ដដែល​»​។​

​ជំនួប​របស់លោក​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការបរទេស ដន ប្រា​មុត​វី​ណាយ​(Don Pramudwinai)​កើត​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាង យី នៅ​ថៃ​កាលពី​ខែ​មេសា​ដែល​ពេល​​នោះ​ពួក​លោក​បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ហើយនឹង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ពន្ធ​។​

​ក្នុងជំនួប​កាលពី​ថ្ងៃ​អង្គារ ប្រមុខ​ការទូត​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​តំបន់​និង​អន្តរជាតិ ដូច​ជា​ការ​ធ្វើ​អោយ​សកម្ម​ឡើង​វិញសេដ្ឋកិច្ច​របស់​គេ​ក្រោយ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​១៩ កិច្ច​​សហការ​នៅលើ​វេទិកា​ពហុ​ជាតិ​និង​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត​។​

​ពួក​លោក​ក៏​បាន​រំលេច​អំពី​តំរូវការ​សំរាប់​ប្រទេស​នីមួយៗ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផង​ខ្លួន ជាពិសេស​ឆ្លងកាត់​គំរោង​ដូចជា​”​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​”​របស់​ចិន​និង​”​របៀង​សេដ្ឋកិច្ច​​ខាងកើត​”​របស់​ថៃ​។​

​លោក​វ៉ាង​បាន​និយាយថា គោលបំណង​មួយ​ក្នុងចំណោម​គោលបំណង​នានា​នៃ​យុទ្ធសាស្ត្រ​ទាំ​នេះ​គឺ ភ្ជាប់​ចិន​ជាមួយ​ឡាវ​និង​ថៃ ហើយ​ស្ថាបនា​របៀង​សេដ្ឋកិច្ច​មួយ​។​

​ផ្លូវដែក​ចិន​-​ឡាវ ដែល​ដាក់​អោយ​ដំណើរការ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន បាន​ជួយ​សម្រួល​ការនាំ​ចេញ​កសិផល​ថៃ​ទៅកាន់​ចិន ហើយ​ការពង្រីក​ផ្លូវដែក​នេះ​មកដល់​ក្រុង​បាងកក​នឹង​កាន់តែ​បង្ក​ភាពងាយស្រួល​​ដល់​ការធ្វើដំណើរ​និង​ពាណិជ្ជកម្ម​កាត់​ព្រំដែន​។​

​លោក​វ៉ាង​ក៏​បាន​ចូលជួប​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា ហើយ​ពួក​លោក​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ ក្នុងចំណោម​បញ្ហា​ផ្សេងៗ​។​លោក​ប្រា​យុទ្ធ​ក៏បាន​​អរគុណ​ចិន​ចំពោះ​ការឆ្លើយ​នឹង​សំណើ​របស់​ថៃ​ដើម្បី​សម្រួលការ​នាំចូល​កសិផល​ថៃ​និង​បាន​និយាយថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង​២០​ភាគរយ​នៅ​បួន​ខែ​ដើម្ប​ឆ្នាំនេះ​។​

​លោក​ប្រា​យុទ្ធ​ក៏បាន​សុំ​អោយ​ចិន​អោយ​ពិចារណា​បង្កើន​ការវិនិយោគ​ចិន​នៅ​ថៃ ជា​ពិសេស​តាមរយៈ​របៀង​សេដ្ឋកិច្ច​ខាងកើត ដែល​វា​នឹង​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​និង​នវានុវត្តន៍​។​

​លោក​វ៉ាង​បានផ្តល់​ការគាំទ្រ​របស់​ចិន​សំរាប់​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​Apec​នៅ​ខែ​វិច្ឆិកា​ឆ្នាំនេះ និង​សង្ឃឹមថា​វា​នឹង​ជួយ​បង្កើត​ពាណិជ្ជកម្ម​សេរី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​ង ជួប​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​៥​កក្កដា​