​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កក្កដា​នៅក្នុង​និង​ជុំវិញ​តំបន់​ដុន​បា​សភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​ខណៈ​កងទ័ព​រុស្ស៊ី​ព្យាយាម​រក្សា​ប្រៀប​​ឈ្នះ​ជា​បន្តបន្ទាប់​ក្នុង​សមរភូមិ ស្រប​ពេល​អង្គការ​ណា​តូ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ទទួលយក​សមាជិកភាព​របស់​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​។​

​អភិបាលក្រុង​ស្លូវី​យ៉ាន (Sloviansk) បាន​និយាយថា កងកម្លាំង​រុស្ស៊ី ដែល​ជំរុញ​ទឹកចិត្ត​ដោយ​ការ​ដណ្តើម​បាន​ទីក្រុង​ជា​ច្រើន​នៅ​តំបន់​ដុន​បាស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​បន្ត​វាយលុក​​ទៅ​ភាគ​ខាងលិច ដោយ​វាយលុក​គោលដៅ​សំខាន់ៗ​បន្ទាប់​របស់​ពួកគេ​គឺ​ទីក្រុង​ស្លូវី​យ៉ាន ជាមួយនឹង​ការបាញ់​ផ្លោង “​ទ្រង់ទ្រាយ​ធំ​”​។​

​យ៉ាងហោច​ណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និង​ប្រាំពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហា​ររ​បស់​រុស្ស៊ី ដែល​ផ្តោត​លើ​ផ្សារ​កណ្តាល​របស់​ខ្លួន​បន្ទាប់​ពី​ការបាញ់​ផ្លោង​ស្រដៀង​គ្នា​នៅ​ទីនោះ​អស់​​ជាច្រើន​ថ្ងៃ​។​

​អ្នកកាសែត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​នៅនឹងកន្លែង​ជាក់ស្តែង​បាន​ឃើញ​គ្រាប់​រ៉ុក្កែត​វាយលុក​ផ្សារ​និង​ផ្លូវ​នៅ​ជាប់​គ្នា​ជាច្រើន ខណៈ​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​នៅ​ក្នុង​ទីក្រុង ដែល​មាន​ប្រជាជន​មុន​សង្គ្រាម​ប្រហែល ១០០.០០០ នាក់​។​

​លោក ប៉ាវ​ឡូ គ្រី​លេនកូ (Pavlo Kyrylenko) អភិបាល​តំបន់​ដូណិត​ស៍ ដែល​រួមមាន​ទីក្រុង​ស្លូវី​យ៉ាន បាន​ចោទប្រកាន់​រុស្ស៊ី​ថា “​មាន​ចេតនា​កំណត់​គោលដៅ​លើ​ទីកន្លែង​ដែល​ជន​ស៊ីវិល​ប្រមូលផ្តុំ​”​។​

​លោក​បាន​និយាយ​នៅលើ Telegram ថា “​នេះ​គឺជា​អំពើ​ភេរវកម្ម​សុទ្ធសាធ​”​។​

​នៅ​ទីក្រុង​មូ​ស្គូ ក្រសួង​ការពារជាតិ​បាន​រាយការណ៍​ថា កងកម្លាំង​រុស្ស៊ី​ក៏​បាន​កំណត់​គោលដៅ​លើ​ទីក្រុង​ខា​គី​វ​នៅ​ភាគ​ឦសាន​ជាមួយនឹង​អាវុធ “​ជាក់លាក់​ខ្ពស់​” ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​​នេះ​ផង​ដែរ ដោយ​អះអាង​ថា​បានសម្លាប់​ទាហាន​អ៊ុយ​ក្រែន​រហូតដល់ ១៥០ នាក់​។​

​ទីក្រុង​គៀវ​បាន​រាយការណ៍​ថា តំបន់​ជាច្រើន​ផ្សេង​ទៀត​ក៏​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​និង​កាំភ្លើង​ធំ​ផងដែរ​។​

​ទន្ទឹមនឹងនេះ រុស្ស៊ី​បាន​និយាយថា ខ្លួន​កំពុង​ស៊ើបអង្កេត​ការ​ធ្វើ​ទារុណកម្ម​លើ​ទាហាន​រុស្ស៊ី​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុងប្រទេស​អ៊ុ​យក្រែន ដែល​ថ្មីៗ​នេះ​ត្រូវបាន​ដោះ​លែង​ជា​ផ្នែក​នៃ​ការដោះដូរ​អ្នកទោស​។​

​ក្នុង​ទីក្រុង​ព្រុច​សែ​ល អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) និង​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​បាន​សាទរ​ថ្ងៃ​អង្គារ​ថា​ជា​ថ្ងៃ “​ប្រវត្តិសាស្ត្រ​” បន្ទាប់ពី​ពួកគេ​បានចាប់ផ្តើម​នីតិវិធី​សុំចូល​ជា​សមាជិក​សម្រាប់​ប្រទេស​ទាំង​ពីរ ដែល​នឹង​ពង្រីក​សម្ពន្ធភាព​យោធា​នេះ​ដល់ ៣២ សមាជិក​៕

​ការវាយប្រហារ​របស់​រុស្ស៊ី​គឺ​ផ្តោតលើ​ផ្សារ​កណ្តាល​របស់​ក្រុង​ស្លូវី​យ៉ាន