ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាកររបស់ខ្លួន ចំនួន ៩រូប ទៅហាត់នៅថៃ ដើម្បីត្រៀមខ្លួន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា: តាមការគ្រោងទុកសហព័ន្ធ នឹងបញ្ជូនកីឡាករ ដែលកំពុងហ្វឹកហាត់ទាំងអស់ ១២នាក់ ទៅហាត់នៅថៃ រយៈពេល ២ សប្ដាហ៍។ ប៉ុន្តែ ដោយសារមានកីឡាករ ៣រូប ដែលមិនមានលិខិតឆ្លងដែន ទើបសហព័ន្ធ សម្រេចបញ្ជូនចំនួន ៩នាក់ ដែលមានលិខិតឆ្លងដែនទៅហាត់ ហើយការហ្វឹកហាត់នេះ គឺហាត់ជាមួយក្រុមកីឡាករជម្រើសជាតិថៃតែម្ដង។ ក្រៅពីកីឡាករ ៩រូប ក៏មានគ្រូបង្វឹក ២រូប ចូលរួមធ្វើដំណើរ ទៅជាមួយដែរ។
អគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា: ទាក់ទងរឿងកីឡាករ យើងមានរៀបចំ ១២នាក់ សម្រាប់ការត្រៀមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ បន្ថែមលើសពីនេះ យើងក៏មានកូនខ្មែរ-វៀតណាមម្នាក់ ដែលកំពុងហាត់នៅវៀតណាម និងកូនខ្មែរ-ថៃ ដែលកំពុងហាត់នៅថៃម្នាក់ដែរ។ ពេលនេះ កំពុងស្នើសុំទៅកាន់ CAMSOC ដើម្បីយកគ្រូមកពីក្រៅប្រទេសបន្ថែម ហើយរឿងទៅហាត់នៅប្រទេសថៃ នាពាក់កណ្ដាលខែកក្កដានេះ សហព័ន្ធ នឹងបញ្ជូនកីឡាករជម្រើសជាតិយើង ទៅហាត់នៅថៃ ដើម្បីហ្វឹកហាត់ជាមួយកីឡាករជម្រើសជាតិថៃ ក៏ដូចជាហាត់ជាមួយប្រទេសដទៃផ្សេងទៀត នៅទីនោះ៕/V