ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន នឹងអំពាវនាវដល់ប្រទេស G20 នៅសប្តាហ៍នេះឱ្យដាក់សម្ពាធលើរុស្ស៊ីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការបើកផ្លូវសមុទ្រឡើងវិញ ដែលរារាំងដោយជម្លោះអ៊ុយក្រែន និងព្រមានម្តងទៀតដល់ប្រទេសចិនកុំឱ្យគាំទ្រកិច្ចប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងមូស្គូ។
លោកប្លីងកិនធ្វើដំណើរទៅកាន់អាស៊ីនៅថ្ងៃពុធនេះសម្រាប់កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីនៅថ្ងៃសុក្រ។ ដំណើរទស្សនកិច្ចរបស់លោកនឹងរួមបញ្ចូលកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយសមភាគីចិន លោក វ៉ាង យី ចាប់តាំងពីខែតុលា ប៉ុន្តែមិនមានជំនួបណាមួយត្រូវបានរំពឹងទុកជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ នោះទេ។
ក្រុមអ្នកវិភាគប្រមើលឃើញកិច្ចប្រជុំរដ្ឋមន្ត្រី G20ដ៏ចម្រូងចម្រាស ដែលក្នុងទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តស្តីបន្ទោសទីក្រុងមូស្គូចំពោះកង្វះស្បៀងអាហារជាសាកល ចាប់តាំងពីការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈទៅលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ ខណៈរុស្ស៊ីដែលជាអ្នកនាំចេញដ៏ធំដែរនោះ ស្តីបន្ទោសទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
លោក រ៉ាមីន តូឡូអ៊ី (Ramin Toloui)ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងធុរកិច្ច បានប្រាប់អ្នកយកព័ត៌មានថាលោកប្លីងកិននឹងបង្កើនសន្តិសុខថាមពលនិងគំនិតផ្តួចផ្តើមរបស់អ.ស.ប ដើម្បីព្យាយាមយកគ្រឿងឧបភោគបរិភោគរបស់អ៊ុយក្រែននិងជីររបស់រុស្ស៊ីត្រឡប់ទៅទីផ្សារពិភពលោកវិញ។
លោកបាននិយាយថា “បណ្តាប្រទេស G20 គួរតែចាប់រុស្ស៊ីឱ្យទទួលខុសត្រូវនិងទទូចថាខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.បដើម្បីបើកផ្លូវសមុទ្រឡើងវិញសម្រាប់ការចែកចាយគ្រាប់ធញ្ញជាតិ។ មិនថាវាកើតឡើងនៅកម្រិតក្រុមប្រទេស G20 ឬកម្រិតនៃប្រទេស G20 នីមួយៗនោះទេ នោះគឺជាចំណុចសំខាន់ដែលលោករដ្ឋមន្ត្រីប្លីងកិននឹងធ្វើ”។
អ៊ុយក្រែន ដែលចោទប្រកាន់រុស្ស៊ីពីបទរារាំងចរាចរណ៍នៃកប៉ាល់របស់ខ្លួន បាននិយាយនៅសប្តាហ៍នេះថា ខ្លួនកំពុងជួបពិភាក្សាជាមួយតួកគីនិងអង្គការសហប្រជាជាតិដើម្បីទទួលបានការធានាសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។
រុស្ស៊ីបានបដិសេធថាខ្លួនមិនបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិណាមួយឡើយ ហើយនិយាយថាអ៊ុយក្រែនទេគួរតែត្រូវស្តីបន្ទោសចំពោះកង្វះនៃការធ្វើបំលាស់ទីនាវារបស់ខ្លួនដោយសារតែអ្វីដែលរុស្ស៊ីនិយាយថាជាប្រតិបត្តិការដាក់មីននៅក្នុងកំពង់ផែរបស់ខ្លួន។
អ្នកការទូតកំពូលអាម៉េរិកប្រចាំតំបន់អាស៊ីបូព៌ា លោក ដានីញែល គ្រីថិនប្រ៊ីង (Daniel Kritenbrink) បាននិយាយថា លោករំពឹងមានការផ្លាស់ប្តូរ ទស្សនៈ”ដោយស្មោះត្រង់” អំពីអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សារបស់លោកប្លីងកិនជាមួយលោកវ៉ាងរបស់ចិន ដែលត្រូវបានរំពឹងទុកនៅថ្ងៃសៅរ៍។
លោកបាននិយាយថា “នេះនឹងក្លាយជាឱកាសមួយផ្សេងទៀត…ដើម្បីបង្ហាញពីការរំពឹងទុករបស់យើងអំពីអ្វីដែលយើងរំពឹងថាចិននឹងធ្វើ និងមិនត្រូវធ្វើក្នុងបរិបទអ៊ុយក្រែន”។
មិនប៉ុន្មានផងមុនពេលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់”។ ប៉ុន្តែពួកមន្ត្រីអាម៉េរិកបាននិយាយថាពួកគេមិនបានឃើញចិនគេចវេសពីការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាម៉េរិកលើទីក្រុងមូស្គូ ឬផ្តល់ឧបករណ៍យោធាដល់រុស្ស៊ីនោះទេ។ទោះយ៉ាងណា ចិនបានបដិសេធមិនថ្កោលទោសទង្វើរបស់រុស្ស៊ី ហើយបានរិះគន់ទណ្ឌកម្មដ៏ធំនេះ។ ក្រុមមន្ត្រីអាម៉េរិកបានព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្ម ប្រសិនបើចិនចាប់ផ្តើមផ្តល់ជំនួយជាសម្ភារៈសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន