ដោយ​:​មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា : គោលនយោបាយ​ឥត​ងាករេ​របស់​គណបក្ស​ប្រជាជន គឺ​ការឱ្យ​តម្លៃ​ប្រជាជន និង​ជួយ​ដល់​ប្រជាជន ជា​អាទិភាព​ចម្បង ដោយ​ត្រូវ​បម្រើប្រជាជន​ទៅតាម​តម្រូវការ​ចាំបាច់​ជាក់ស្តែង នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​នៅ​ទូទាំងប្រទេស តាមរយៈ​សកម្មភាព​ក្នុង​ចលនា​រួម​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​។

​ការបញ្ជាក់​នេះ ក្នុង​ពិធីបុណ្យ​កាត់​ប្ញ​សសី​មា​ព្រះវិហារ​មរតក ប៊ុន ស៊ា​ង​លី និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅក្នុង​វត្ត​ស្លែង ស្ថិតនៅ​ភូមិ​ស្លែង ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​។

​លោក​បាន​បញ្ជាក់ថា : គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ធ្វើ​ពិត បម្រើ​ពិត និង​កសាង​សមិទ្ធផល​ពិត ជូន​ដល់​ប្រជាជន និង​ប្រទេសជាតិ​។ ជាការ​តបស្នង​ចំពោះ​ការបម្រើ​ពិត និង​ធ្វើ​ពិត​នេះ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បានបង្ហាញ​នូវ​ការជឿទុកចិត្ត និង​សេចក្តីស្រឡាញ់​តាមរយៈ​ការបោះឆ្នោត ជូន​គណបក្ស​ប្រជាជន ដើម្បី​បន្ត​ដឹកនាំ​ដំណើរ​អភិវឌ្ឍន៍ ឆ្ពោះទៅមុខ​ប្រកបដោយ​ចីរភាព ដូចដែល​បានឃើញ​រួចមកហើយ នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លងទៅ​ថ្មីៗ​នេះ​។ គណបក្ស ប្រជាជន​កម្ពុជា ប្តេជ្ញា​បន្ត​ពង្រឹងសមត្ថភាព ឆន្ទៈ និង​ស្នាដៃ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា : ក្នុងដំណាក់កាល​វិបត្តិ​គ្រោះភ័យ នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត​ដឹកនាំ​បញ្ជា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ រាប់សែន​នាក់ ដោយផ្ទាល់ និង​រាប់លាន​នាក់ ដោយ​ប្រយោល ឱ្យ​រួច​ផុតពី​មាត់ជ្រោះ​មរណៈ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ រាជរដ្ឋាភិបាល ក៏​នៅតែ​បន្ត​យកចិត្តទុកដាក់​បំផុត ទៅលើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​នេះ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ដោយ​មិន​គិតថ្លៃ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រទេស ឱ្យនៅ​បន្ត​ការប្រុងប្រយ័ត្ន និង​បន្ត​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជម្រុញ​ទី​៣ ទី​៤ និង​ទី​៥ ឱ្យបាន​គ្រប់ៗ​គ្នា ព្រម​ជាមួយនឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការផ្ទុះ​ឆ្លង​រាតត្បាត​ទ្បើង​វិញ ក្នុង​សហគមន៍​សារជាថ្មី​ម្តងទៀត​។

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ និង​អនុមោទនា​ត្រេកអរ ចំពោះ​ការរីក​ឡើង នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន នៅក្នុង​ទី​អារាម​បុរាណ​ដ៏​មាន​វ័យ​ចំណាស់ ប្រមាណ​ជាង ៣០០​ឆ្នាំ មួយ​នេះ ដែល​បាន​បង្កលក្ខណៈ ដល់​ការធ្វើ​បុណ្យ បំពេញ​ទាន និង​រក្សាសីល តាម​តម្រូវការ​ជាក់ស្តែង បច្ចុប្បន្ន​របស់​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត នៅក្នុង​មូលដ្ឋាន​។ សមិទ្ធផល​ទាំងនេះ គឺ​បាន​កើតឡើង​ពី​កម្លាំង​មហា​សាមគ្គីធម៌ និង​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ នៅលើ​មូលដ្ឋាន​នៃ​វប្បធម៌​ចែករំលែក​របស់​ខ្មែរ​យើង តាំងពីដើម​រៀងមក ដែល​តែង​ចូលរួម​ជាមួយគ្នា ក្នុង​ការកសាង​សមិទ្ធផល ជា​ផលប្រយោជន៍​រួម ជូន​ដល់​ប្រជាជន និង​ប្រទេសជាតិ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា : ការកកើតឡើង នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ដូច​ពេលនេះ គឺ​ពិតជា​បាន​ចូល​រូ​ម​ចំណែក យ៉ាងសកម្ម ក្នុង​ការបម្រើ​ផលប្រយោជន៍​រួម ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ទាំង​នៅក្នុង​មូលដ្ឋាន​ផ្ទាល់ ក៏ដូចជា​នៅ​ទូទាំង​ប្រ​ទេ ជាពិសេស ដើម្បី​ទ្រទ្រង់ និង​លើកស្ទួយ​ព្រះពុទ្ធសាសនា ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស គ្រប់​កាល​វេលា តាម​ពុទ្ធ​ប្បញ្ញត្តិ​។ ការរីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ គឺ​ពឹង​អាស្រ័យ​លើក​ត្តា ២ សំខាន់ៗ​គឺ កត្តា​ទី​១. អំណោយផល​នៃ​បរិយាកាស​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តាមរយៈ​ការធានាបាន​នូវ​កម្ពុ​ជាមួយ “​គ្មាន​ការរើសអើង គ្មាន​ការប្រកាន់ ពូជសាសន៍ គ្មាន​ជម្លោះ​ទាក់ទង​នឹង​ជាតិ​សាសន៍ និង​សាសនា​” និង​កត្តា​ទី​២. ការដាក់ចេញ​គោ​លន​យោ បាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ ពង្រឹង និង​ពង្រីក​វិស័យ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឱ្យ​កាន់តែ​រីកចម្រើន​លូតលាស់ បន្ត​ទៅមុខ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។ ជាមួយគ្នានេះ​រាជរដ្ឋាភិបាល ក៏បាន​ខិតខំ​លុបបំបាត់​នូវ​ភាពអវិជ្ជមាន​ដែល​បន្សល់​ពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត​សូន្យសុង ក្នុង​របប​ខ្មែរក្រហម តាមរយៈ​ការផ្តល់​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ដល់​ប្រជាពលរដ្ឋ និង​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ជាអាទិ៍ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ជាដើម​។​ល​។ ដែលជា​មូលដ្ឋាន​រូបវ័ន្ត​បម្រើឱ្យ​ការអនុវត្ត​ជាក់ស្តែង នូវ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​៕ /V​