ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញ៖ ចាប់បានហើយខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អង្គរក្សរបស់ឧកញ៉ាម្នាក់នៅក្នុងផ្ទះវីឡាកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែកក្កដា នៅចំណុចផ្ទះលេខ ៣៨ ភូមិ៨ ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន(រូបថត សមត្ថកិច្ច)
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី៦ខែកក្កដានេះថា ជនដៃដល់ត្រូវបានស្វែងរកឃើញនិងចាប់ខ្លួនបានហើយ។ពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធី និងឱ្យជនល្មើសនាំទៅរកអាវុធដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ជនរងគ្រោះ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់រស្មីកម្ពុជាថា ជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអង្គរក្ស (មានស្រុកកំណើតនៅខេត្តព្រៃវែង)។ ជនរងគ្រោះត្រូវបានជនសង្ស័យបាញ់ត្រូវខ្លួនជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិទួលពង្រ សង្កាត់ត្រពាំងក្រឡឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនដៃដល់ឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ មានស្រុកកំណើតនៅខេត្តកណ្តាល។
បើតាមការបញ្ជាក់របស់អ្នកបម្រើការនៅផ្ទះកើតហេតុបានឲ្យដឹងថា ជនរងគ្រោះនិងអ្នកបង្កហេតុកន្លងមកពុំដែលមានទំនាស់ពាក្យសម្ដីនឹងគ្នាខ្លាំងទេ តែមានការអន់ចិត្តនឹងគ្នាដោយពុំសូវនិយាយស្តីរកគ្នាទេ។
សេចក្តីរាយការណ៍ពីភ្នាក់ងាររស្មីកម្ពុជាដែលបានចុះទៅកន្លែងកើតហេតុ និងបានដកស្រង់ប្រភពនានាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយនៅលើកៅអីក្នុងប៉ុស្តិ៍យាម ចំណែកជនសង្ស័យបានបណ្តើរម៉ូតូចេញមកខាងក្រៅរបងផ្ទះ បានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យដេកស្លាប់នៅលើកៅអីតែម្តង។ បន្ទាប់ពីបាញ់ជេះនរងគ្រោះជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់៕សរន