ប្រែសម្រួលៈបំណង(វ៉េអ៊ិនអិចស្ព្រេស)៖ ចោរអ៊ីនធឺណិតឬហៅថា “ហែកឃឺ”ដែលបានលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋចិនរាប់រយលាននាក់ ហើយឥឡូវកំពុងប្រកាសលក់ព័ត៌មានសម្ងាត់ទាំងនេះតាមអនឡាញ។
សំណាកចូលមើលទិន្នន័យចំនួន៧៥០.០០០បង្ហោះក្នុងអនឡាញដោយហែកឃឺ បង្ហាញឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាប័ណ្ណ អសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងរបាយការណ៍ប៉ូលិសរបស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មានបារាំង និងអ្នកជំនាញសន្តិសុខអ៊ីនធឺណិត បានបញ្ជាក់ថាពិតចំពោះទិន្នន័យរបស់ពលរដ្ឋចិនខ្លះនៅក្នុងសំណាកដែលជនហែកឃឺបានបង្ហោះគំរាម តែវិសាលភាពនៃឃ្លាំងទិន្នន័យទាំងមូលពិបាកកំណត់ មានន័យថា ថាតើព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិចិនប៉ុន្មានលាននាក់បានធ្លាក់ក្នុងដៃចោរនៅមិនទាន់ដឹងច្បាស់នៅឡើយ។
ការផ្សាយឃោសនាលក់នៅលើកម្មវិធីមួយកាលពីចុងខែមុនតែទើបអ្នកជំនាញសន្តិសុខអ៊ីនធឺណិតចាប់អារម្មណ៍នៅសប្តាហ៍នេះ។វាជាឃ្លាំងទិន្នន័យ២៣តេរ៉ាប៉ៃ(terabyte)ដែលជនហែកឃឺអះអាងថាផ្ទុកកំណត់ហេតុរបស់ជនជាតិចិន១ពាន់លាននាក់ ហើយកំពុងត្រូវដាក់លក់តំលៃ១០ប៊ិតខ័ញ(លុយអេឡិចត្រូនិច)ប្រហែល២០ម៉ឺនដុល្លារ។
រ៉ូប៊ឺត ផត់ធឺ(Robert Potter)សហស្ថាបនិកក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតInternet 2.0 បាននិយាយថា «វាហាក់ដូចជាចេញពីប្រភពជាច្រើន។ខ្លះជាប្រព័ន្ធសំគាល់ផ្ទៃមុខ ខ្លះទៀតជាទិន្នន័យជំរឿនប្រជាជន។មិនមានការបញ្ជាក់អំពីចំនួនទិន្នន័យប៉ុន្មានធ្លាក់ក្នុងដៃចោរអ៊ីនធឺណិតទេ និងខ្ញុំក៏មិនជឿថា ១ពាន់លានដែរ»។
សូមបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋចិនដែលត្រូវស្តុកទុកក្នុងឃ្លាំងទិន្នន័យជាតិមានចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ ចោរកម្មតូចតាចនិងអំពើហិង្សាក្នុងគ្រួសាររហូតដល់ការចាប់រំលោភ។ទិន្នន័យដែលចោរលួចនិងដាក់លក់រួមមានឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ អសយដ្ឋាន ថ្ងៃខែឆ្នាំកំណើតនិងរបាយការណ៍ប៉ូលិសចំពោះសាមីខ្លួន៕
ទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋចិនរាប់រយលាននាក់ត្រូវចោរដាក់លក់