​ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ​ នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ ករណី​កាប់​អ្នក​បើកឡាន តាក់ស៊ី ប្លន់​ឡាន នា​យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះសំណាក់​គ្មាន​ស្លាក យីហោ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ និង​នៅ​ចំណុច​មុខ ផ្ទះ​អ៊ិន​ធឺ​ណេ​ត សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថាៈ​ជនសង្ស័យ បីនាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ និង កម្លាំង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​រួមគ្នា បង្ក្រាប​ករណី លួច​មាន​ស្ថាន់​ទម្ងន់ទោស កាប់​ប្លន់​រថយន្ត តែ​មិនបាន​សម្រេច កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កន្លងទៅ ។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​អនុវត្តតាម បទបញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ , លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល បាន​បន្តថាៈ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ បីនាក់ នា​យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះសំណាក់​គ្មាន​ស្លាក​យីហោ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង នៅ​ចំណុច​មុខ ផ្ទះ​អ៊ិន​ធឺ​ណេ​ត សង្កាត់ ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ទាំង បីនាក់ មានឈ្មោះ សួន សា​រ៉ា​ត អាយុ ៤៣​ឆ្នាំ​, ឈ្មោះ ស្រូ​យ ស្រស់ អាយុ ៤១​ឆ្នាំ និង​ឈ្មោះ យ៉ែម លី​ហួរ អាយុ ៣១​ឆ្នាំ ។ ជនសង្ស័យ​ទាំង បីនាក់ ក៏​ធ្លាប់​ជាប់ពន្ធនាគារ ផងដែរ ។​

​បច្ចុប្បន្ន កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ជនសង្ស័យ​ទាំង បីនាក់ ឲ្យ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕/V​