​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កក្កដា​ថា ខ្លួន​បាន​បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​តម្លៃ ៣២,៧ លាន​ដុល្លារ​ដែល​ធ្វើដំណើរ​ទៅកាន់​​ឋាន​ព្រះ​ចន្ទ​ដើម្បី​ធ្វើតេស្តិ៍​គន្លង​រាង​ពងក្រពើរ​បស់ព្រះ​ចន្ទ ប៉ុន្តែ​ក្រុម​វិស្វករ​របស់​ទីភ្នាក់ងារ​នេះ​សង្ឃឹមថា​ពួកគេ​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។​

​បន្ទាប់​ពី​ការទំនាក់ទំនង​ជោគជ័យ​លើ​ក​មួយ​និង​ការទាក់ទង​លើក​ទី​ពីរ​បាន​មួយ​ផ្នែក​កាលពី​ថ្ងៃ​ចន្ទ ទីភ្នាក់ងារ​អវកាស​នេះ​បាន​និយាយថា ខ្លួន​មិន​អាច​ទាក់ទង​ជាមួយ​យានអវកាស​ដែល​មានឈ្មោះ​ថា Capstone បាន​ទៀត​ទេ​។ អ្នកនាំពាក្យ​របស់​ណា​សា លោកស្រី សា​រ៉ា ហ្វ្រា​ហ្សឺ (Sarah Frazier) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ក្រុម​វិស្វករ​កំពុង​ព្យាយាម​ស្វែងរក​មូលហេតុ​នៃ​ការបាត់​ទំ​នាក់​​ទំនង​នេះ ហើយ​មាន​សុទិដ្ឋិនិយម​ថា​ពួកគេ​អាច​ជួសជុល​បញ្ហា​នេះ​បាន​។​

​លោកស្រី​ហ្វ្រា​ហ្សឺ​បាន​និយាយថា យានអវកាស​ដែល​បាន​បាញ់​បង្ហោះ​ចេញពី​ប្រទេស​នូវែ​លសេ​ឡង់​កាលពី​ថ្ងៃទី ២៨ ខែមិថុនា បាន​ចំណាយពេល​ជិត​មួយ​សប្តាហ៍​នៅក្នុង​គន្លង​ផែនដី​ហើយ​បាន​ចាប់​​ផ្តើម​ដំណើរ​របស់​វា​ទៅកាន់​ព្រះ​ចន្ទ​ដោយ​ជោគជ័យ នៅពេល​ដែល​ទំនាក់ទំនង​បាន​បាត់​។​

​ផ្កាយរណប​ទម្ងន់ ២៥ គីឡូក្រាម​នេះ​មាន​ទំហំ​ប៉ុន​ម៉ាស៊ីន​មីក្រូ​វ៉េវ​ហើយនឹង​ក្លាយ​ជា​យានអវកាស​ដំបូង​គេ​ដែល​ធ្វើតេស្តិ៍​គន្លង​រាង​ពងក្រ​ពើនេះ ដែល​ជា​កន្លែង​ដែល​ណា​សា​ចង់​រៀបចំ​ទីតាំង​ច្រក​ចេញ​មួយ​របស់​ខ្លួន​។ ច្រក​ចេញ​នេះ​នឹង​បម្រើ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​អវកាស​យានិក មុន​ពេល​ពួកគេ​ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។​

​គន្លង​នេះ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ទំនាញផែនដី​និង​ព្រះ​ចន្ទ ដូច្នេះ​ហើយ​វា​ទាមទារ​ការធ្វើ​បំលាស់​ទី​តិចតួច​ក៏ដូចជា​ប្រេងឥន្ធនៈ​តិច​ផងដែរ និង​អនុញ្ញាត​ឱ្យ​ផ្កាយរណប ឬ​ស្ថានីយ​អវកាស​រក្សា​ទំនាក់ទំនង​ថេរ​ជាមួយ​ផែនដី​៕

​យាន​អវកាស Capstone បាត់បង់​ទំនាក់ទំនង​កាលពី​ថ្ងៃ​អង្គារ