ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះ អ្វីៗគឺដើម្បីស៊ីហ្គេម ឆ្នាំ២០២៣ និយាយដោយឡែក សម្រាប់កីឡាការិនីជម្រើសជាតិហែលទឹក សុខ វរលក័្ខណ៍ កំពុងត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបានបញ្ចប់ការប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ចំនួន២ ក្នុងឆ្នាំនេះ។

ឆ្នាំ២០២២ សុខ វរលក័្ខណ បានចូលរួមព្រឹត្តិការណ៍ធំៗ ចំនួន២ រួមមានស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា និងការប្រកួតជើងឯកពិភពលោក នៅប្រទេសហុងគ្រី កាលពីមិថុនា ថ្មីៗនេះ។ ទោះបីជាពុំទទួលបានលទ្ធផល ជាទីគាប់ចិត្ត ប៉ុន្តែនាងបានបំបែកថេរវេលាផ្ទាល់ខ្លួន ហើយបានចាត់ទុកថា ជាចំណែកនាំឲ្យមានកម្លាំងចិត្ត ដើម្បីប្រឹងប្រែងបន្ថែមទៀត។

កីឡាការិនីរូបនេះ បានបន្តថាៈ ចំពោះការប្រកួតស៊ីហ្គេម នៅវៀតណាម ទោះបីមិនបាន ចំណាត់ថ្នាក់ឣ្វីក៏ដោយ តែនាងបានបង្កើតថេរវេលាថ្មី ដែលល្អជាងមុន គឺវិញ្ញាសា ៥០ ម៉ែត្រ ថេរវេលា ២៨,៩៧វិនាទី និង ២០០ម៉ែត្រកង្កែប ខ្ញុំធ្វើនៅក្នុងថេរវេលា ២.៤៥.២២វិនាទី។

ចំពោះការចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសហុងគ្រី កីឡាការិនីរូបនេះ លេងវិញ្ញាសា២ គឺ ៥០ ម៉ែត្រសេរី និង ៥០ ម៉ែត្រកង្កែប ដែលក្នុងនោះដែរ នាងក៏បានបំបែក ម៉ោងវិញ្ញាសាហែលសេរីម្តងទៀតគឺ ៥០ម៉ែត្រសេរី ថេរវេលា ២៨.៦២ ដែលជាម៉ោងថ្មី របស់នាង។

ចំពោះវិញ្ញាសាហែល ៥០ម៉ែត្ររបៀបកង្កែប នាងមិនបានបំបែកម៉ោងនោះទេ។ ការបំបែកកំណត់ត្រាជាបន្តបន្ទាប់ បានផ្តល់ឲ្យរូបនាង មានកម្លាំងចិត្ត និងខំប្រឹងប្រែង ទៅមុខបន្តទៀត។

កីឡាការិនី រូបនេះ បានចាត់ទុកការចូលរួម ការប្រកួតព្រឹត្តិការណ៍ទាំងពីរនេះ ពិតជាមាន ភាពខុសគ្នា និងទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើន។ វរលក្ខ័ណ ត្រូវបានដឹងថា ប្រកួតលើ​ វិញ្ញាសាហែលកង្កែប។ ប៉ុន្តែថ្មីៗនេះ គេបានបន្ថែមវិញ្ញាសាហែលសេរី មួយទៀត។

ទោះជាយ៉ាងណា សុខ វរលក័្ខណ ថាមិនមែនជាបញ្ហាសម្រាប់ខ្លួនឡើយ ព្រោះវាជាវិញ្ញាសា ដែលខ្លួនហ្វឹកហាត់ ជាប្រចាំថ្ងៃផងដែរ។ កីឡាការិនីរបស់សហភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ រូបនេះ បានឲ្យដឹងទៀតថាៈ ចំពោះវិញ្ញាសាហែល ៥០ម៉ែត្រ រវាងរបៀប កង្កែប និងសេរី គឺមានភាពខុសគ្នាត្រង់ថា កង្កែបជាវិញ្ញាសាដែលពិបាក ក្នុងការហាត់ហែល បន្តិច គឺត្រូវហាត់យូរជាងសេរី ត្រូវការរៀនបច្ចេកទេសច្រើន។

វិញ្ញាសាហែលសេរី គឺជាវិញ្ញាសារទូទៅ ហើយវាជាវិញ្ញាសាដែលត្រូវរៀនដំបូងគេ។ បច្ចេកទេសពិបាកដូចគ្នា មែនតែវាមានភាពងាយស្រួល ហែលជាងកង្កែប។ ល្បឿនក៏លឿន ជាងវិញ្ញាសាផ្សេងដូចគ្នាដែរ។ តែវាមិនជាបញ្ហាទេ ព្រោះវាជាជំនាញផ្ទាល់របស់ស្រាប់។ ហើយណាមួយការហ្វឹកហាត់ប្រចាំថ្ងៃ គឺមិនមែនផ្តោតតែជំនាញរបស់ខ្លួននោះទេ គឺត្រូវហ្វឹក ហាត់គ្រប់របៀប មេឣំបៅ ផ្ងារ កង្កែប សេរី ត្រូវហាត់ឲ្យខ្លាំងស្មើៗគ្នា។

ចំពោះការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនីវ័យ ២០ឆ្នាំរូបនេះ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួត ប៉ុន្តែមិនអាចនិយាយទុកមុន ចំពោះការឈ្នះមេដាយ។ យ៉ាងណាមិញ នាងថា នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព។

កីឡាការិនីរូបនេះ អះអាងថាៈ នាងបានត្រៀមខ្លួនជាស្រេចក្នុងការបន្តខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះផ្ទាល់។
ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ដែលតំណាងឲ្យប្រជាជនខ្មែរទូទាំងប្រទេស ខ្ញុំប្តេជ្ញាចិត្តថា នឹងខំប្រឹង ឲ្យឣស់ពីសមត្ថភាព ដើម្បីនាំយកនូវសមិទ្ធផលដ៏ល្អ មកជូនសហព័ន្ធខ្មែរកីឡាហែលទឹក និងប្រទេសជាតិខ្លួន។

ចំពោះរឿងមេដាយ​គឺជាគោលបំណងដ៏ធំមួយ​នៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែលទ្ធផលយ៉ាងណា នោះ ខ្ញុំមិនអាចកំណត់បាននោះទេ។ តែទោះជាយ៉ាងណា ក៏នាងខិតខំប្រឹងប្រែងហ្វឹកហាត់ ឲ្យឣស់ពីសមត្ថភាព ដើម្បីខ្លួន ដើម្បីសហព័ន្ធ និងដើម្បីជាតិខ្លួន។

សុខ វរលក្ខ័ណ នាងបានចាប់ផ្តើមចូលហ្វឹកហាត់កីឡាហែលទឹក នៅវ័យ ៨ ឆ្នាំ ហើយបានជាប់ជម្រើសជាតិ នៅឆ្នាំ២០១៤។ ព្រឹត្តិការណ៍ដែលគេ បានចូលរួមប្រកួត មានដូចជា ស៊ីហ្គេម ចំនួន ៣ដង ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ឆ្នាំ២០១៩ នៅហ្វីលីពីន និងចុងក្រោយថ្មីៗនេះ នៅប្រទេសវៀតណាម។ គេក៏បានចូលរួម FINA World Championship (25m) លើកទី១៤ នៅ Hangzhou 2018 ប្រទេសចិន, កីឡាអាស៊ី (Asian Games) លើកទី១៨ នៅ Jarkata Palembang 2018 នាប្រទេសឥណ្ឌូនេស៊ី និងចុងក្រោយ World Championship នៅប្រទេសហុងគ្រី៕/V-PC