ដោយៈ សរិទ្ធ / បាត់ដំបងៈ បុរសម្នាក់ ដែលជាម្ចាស់សំណង់ ត្រូវបានជាងសំណង់របស់ខ្លួន កាប់នឹងកាំបិតបុ័ងតោ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទីល្ងាច នៅចំណុចក្រុមទី៨ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីមានករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស រួចមក។

ករណីនេះ បង្កដោយជនសង្ស័យ ឈ្មោះសេង សារុន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល បានធ្វើសកម្មភាព យកកាំបិតបុ័ងតោ កាប់ជនរងគ្រោះ ឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើ និងផ្នែកខាងក្រោយ ខ្នងដៃខាងឆ្វេង និងកំភួនដៃចំហៀងខាងឆ្វេង។

នៅពេលកើតហេតុភ្លាមៗ អ្នកជិតខាង បាននាំជនរងគ្រោះ ទៅសង្រ្កោះនៅមន្ទីរពេទ្យ ហើយព័ត៌មាននេះ ក៏បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។ ដោយអនុវត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួចមក លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន និងដកហូតវត្ថុតាង មានកាំបិតបុ័ងតោ ផ្លែដែក ដងឈើ ចំនួន១ដែលជនសង័្សយ ប្រើប្រាស់ក្នុងអំពើល្មើសនេះ រួចនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថាៈ តាមចម្លើយសារភាពរបស់ជនសង័្សយថា មូលហេតុដែលជនសង័្សយ ប្រើហិង្សាបែបនេះ ទៅលើជនរងគ្រោះ គឺដោយសារតែកន្លងមក ជនរងគ្រោះ ធ្វើសំណង់បន្ទប់ទឹក នៅផ្ទះរបស់គាត់ ហើយជួលខ្លួន (ជនសង័្សយនេះ) មកធ្វើសំណង់ ។ ដោយសារតែការធ្វើការងាររបស់ជាងនេះ បាត់ឃើញៗ ហើយសំណង់ ទុកចោល មិនធ្វើឱ្យរួចរាល់ ទើបម្ចាស់សំណង់ ជាជនរងគ្រោះ បញ្ឈប់មិនឱ្យខ្លួន (ជនសង័្សយ) ធ្វើការងារនេះបន្តទៀត។ ដោយមានកំហឹងបែបនេះហើយ ទើបនៅថ្ងៃកើត ហេតុ ជនសង័្សយ បានយកកាំបិតបុ័ងតោ មកកាប់ជនរងគ្រោះ ជាច្រើនកន្លែង បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ច បានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាង មកកាន់ការិយាល័យជំនាញ​ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕/V-PC