​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ប្រាក់​អឺរ៉ូ​កាលពី​ថ្ងៃ​អង្គារ​បាន​ធ្លាក់​ចុះ​ដល់​កំរិត​ថោក​បំផុត​របស់​ខ្លួន​នៅក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​ធៀប​នឹង​ប្រាក់​ដុល្លារ នៅពេល​ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​​និង​មូល​ប​ត្រ​ឡើងថ្លៃ ខណៈ​ដែល​ពួក​វិនិយោគ​ស្វះស្វែង​រក​សុវត្ថិភាព​បន្ទាប់ពី​ទិន្នន័យ​ចុងក្រោយ​បង្ក​អោយ​មាន​ការបារម្ភ​អំពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។​

​ការព្រួយបារម្ភ​អំពី​កំណើន​អវិជ្ជមាន​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ ជំរុញ​ឡើង​ដោយ​ការព្រួយបារម្ភ​អំពី​វិបត្តិ​ថាមពល​នៅ​អឺរ៉ុប​និង​ទិន្នន័យ​កាលពី​ថ្ងៃ​អង្គារ ដែល​បង្ហាញ​ការធ្លាក់ចុះ​ជាខ្លាំង​អំពី​កំណើន​ធុរកិច្ច​កាលពី​ខែមិថុនា ។​

​ថ្លៃ​ប្រេង​ឆៅ​រង​ការធ្លាក់ចុះ​ច្រើន​បំផុត​របស់​ខ្លួន​គិត​ចាប់តាំងពី​ខែ​មីនា ដោយសារតែ​មាន​ការព្រួយបារម្ភ​អំពី​កំណើន​អ​វិជ្ជុ​មាន​សកល​មួយ​និង​ការបិទ​ខ្ទប់​នៅ​ប្រទេស​ចិន​ដែល​កាត់បន្ថយ​សេចក្តីត្រូវការ​។​

​ប៊ីផាន រ៉ា​យ​(Bipan Rai)​ប្រធាន​ក្រុមហ៊ុន​យុទ្ធសាស្ត្រ​ទីផ្សារ​FX​នៅ​កាណាដា បាន​យោង​ដល់​សញ្ញា​នៃ​វិបត្តិ​ថាមព​លជិត​កើតឡើង​មួយ​នៅ​អឺរ៉ុប​និង​ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​ចំពោះ​ការធ្លាក់​ថ្លៃ​ប្រាក់​​អឺរ៉ូ​។​លោក​ថា «​ការ​គំរាម​អំពី​ឳ​ន​ភាព​មួយ​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ វា​កាន់តែ​ច្បាស់​ឡើង​ហើយ​»​។​

កាលពីថ្ងៃអង្គារ ​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់​១,៨​ភាគរយ​ទល់​នឹង​ប្រាក់​ដុល្លារ មក​នៅត្រឹម​ថ្លៃ​មួយ​អឺរ៉ូ ដូរ​បាន ១,០២៣៦​ដុល្លារ ដែល​ជា​កំរិត​ថ្លៃ​ថោក​បំផុត​គិត​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ ២០០២​។​

​ក្នុងពេល​ជាមួយគ្នា ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​ធៀប​នឹង​រូបបិយបណ្ណ​ធំៗ​មួយក្រុម បាន​កើនឡើង​១,៣១​ភាគរយ ។​ប្រាក់​ដុល្លារ​ឥឡូវ​ត្រូវ​គេ​មើលឃើញ​ថា​មាន​សុវត្ថិភាព ចំ​ពេល​ពិភពលោក​ប្រឈម​ភាពមិន​ប្រា​​កដ​ប្រជា​សេដ្ឋកិច្ច​ស្រួចស្រាល់​។​

​ពួក​វិនិយោគ​ឥឡូវ​កំពុង​រង់ចាំ​មើល​របាយ​ការណ៍​មកពី​ធនាគារ​កណ្តាល​អាម៉េរិកនិង​អឺរ៉ុប ក្រោយ​កិច្ចប្រជុំ​កាលពី​ពេល​ថ្មីៗ​ស្តីពី​គោលនយោបាយ​របស់​គេ ព្រមទាំង​ចំនួន​ប្រាក់​ចំណាយ​របស់​អាម៉េរិក​។​

​ប្រេង​ឆៅ​នៅ​អាម៉េរិក​បាន​ធ្លាក់ចុះ​៨,២៤​ភាគរយ​មក​នៅត្រឹម​៩៩,៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ផ្សារ​Brent​នៅ​អាស៊ី​ចុះ​៩,៤៥​ភាគរយ​មក​នៅត្រឹម​១០២,៧៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាលពី​ថ្ងៃ​អង្គារ​៕