ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ ដឹកនាំ​កម្លាំងចម្រុះ មាន​ចៅសង្កាត់​បាវិត កម្លាំង​នគរបាល​ក្រុង កម្លាំង​ប្រជា​ការពារ​ភូមិ និង​មន្ត្រីរដ្ឋបាល​សាលាក្រុង​បាវិត ជាច្រើន​នាក់ បាន​បន្ត​អនុវត្ត​ប្រើ វិធានការ​ក្ដៅ ដោយបាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​រុះរើ​ស្លាក​យីហោ សំ​យ៉ាប ដែល​ក្រុម អាជីវករ​មួយចំនួន បាន​សាងសង់ រំលោភ​លើ​ចំណី​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​បាវិត ក្រុង​បាវិត បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណភាព និង​មានការ​កកស្ទះ​ចរាចរណ៍ ជា​ញឹកញាប់​។

​លោក វណ្ណ សុ​មុន្នី បាន​មានប្រសាសន៍ថាៈ ដោយ​អនុវត្តតាម​ការណែនាំ របស់​រដ្ឋបាល ក្រុង​បាវិត នៅថ្ងៃនេះ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​ប្រើ​វិធានការ​ក្ដៅ ទៅលើ​ក្រុមអាជីវករ​មួយចំនួន ដែល​លក់ដូរ រំលោភ​យក​ចំណីផ្លូវ​សាធារណៈ បង្ក​ការកកស្ទះ ចរាចរណ៍ បន្ទាប់ពី​បាន​ណែនាំ ជាច្រើនលើក​ច្រើនសារ នៅតែ​រឹងទទឹង រឹងរូស ដោយ​មិន​ព្រម​អនុវត្ត តាម​ការណែនាំ​របស់ រដ្ឋបាល​ក្រុង​បាវិត នោះឡើយ​។

​លោក​បាន​បន្ថែមថាៈ នាពេល​កន្លងមក រដ្ឋបាល​ក្រុង​បាវិត បានចេញ​សេចក្ដីជូនដំណឹង ជាច្រើនលើក​ច្រើនសារ ក៏ដូចជា តាមរយៈ​ការចាក់​មេក្រូ ធ្វើលិខិត​ដាស់តឿន ជា​លាយលក្ខណ៍អក្សរ​និង​គ្រប់​មធ្យោបាយ​ផ្សេងៗ ដោយ​បញ្ជ្រាប​ការយល់ដឹង ដល់​បងប្អូន​អាជីវករ ឱ្យចូល​រួមសហការ​ជាមួយ រដ្ឋបាល​ក្រុង​ផងដែរ​។ ចំពោះ​ការចុះអនុវត្ត របស់ រដ្ឋបាល​ក្រុង​បាវិត នាពេលនេះ គឺ​ធ្វើ​ដើម្បី​ផលប្រយោជន៍​រួម មិនមែន​ដើម្បី​បុគ្គល ណាមួយ​នោះទេ​។

ក្នុងនាម​ជា​អាជ្ញាធរ គឺមាន​តួនាទី​ភារកិច្ច សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់ ដល់​បងប្អូន​អាជីវករ ដែល​ដាក់តាំង​ទំនិញ​នានា ដើម្បី​ថែរក្សា​សោភ័ណភាព និង​សណ្ដាប់ធ្នាប់ ចរាចរណ៍ ឱ្យបាន​ល្អ និង​ធំ​ទូលាយ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត និង​ធ្វើដំណើរ​ពី​ច្រកទ្វារព្រំដែន ទៅ​រាជធានី​ភ្នំពេញ ងាយស្រួល​មិន​កកស្ទះ​ចរាចរណ៍ ។​

​តាងនាម​អាជ្ញាធរ​ក្រុង​បាវិត លោក​អភិបាលរងក្រុង សូម​ធ្វើការ​ក្រើនរំលឹក ដល់​បងប្អូន ក្រុមអាជីវករ សូម​ចូលរួម​សហការ និង​អនុវត្តតាម​ការណែនាំរ​បស់ រដ្ឋបាល​ក្រុង​បាវិត ក្នុងការ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ ដោយ​ធុងសំរាម ដាក់​ឱ្យមាន​របៀបរាបរយ ហើយ​នៅពេល នេះ គឺ​អាជ្ញាធរ​ចុះ​បំពេញ​តាម​តួនាទី​ភារកិច្ច ដើម្បី​បញ្ជ្រាប​ដល់​បងប្អូន ឱ្យមាន​ស្មារតី​ទទួល ខុសត្រូវ​ទាំងអស់គ្នា​។

​លោក​អភិបាលរងក្រុង ក៏បាន​សំណូមពរ​ដល់​បងប្អូន​ក្រុមអាជីវករ​ដែល​តាំង​លក់ដូរ​ទំនិញ គ្រប់​ប្រភេទ នៅតាម​ផ្ទះ អម​សងខាង​ផ្លូវជាតិ​លេខ​១ ក៏ដូចជា ទូទាំង​ក្នុង​ក្រុង​បាវិត និង​ធ្វើ​សំ​យ៉ាប​ផ្ទះ លយ​មកលើ​ចំណីផ្លូវ​និង​សាងសង់​សំណង់​ផ្សេងៗ ត្រូវ​អនុវត្តតាម សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ក្រុង​បាវិត កុំ​យក​ផ្លូវ​សំរាប់​ថ្មើ​ជើង ធ្វើជា​កន្លែង​ដាក់តាំង លក់ទំនិញ បើ​ធ្វើ​សំ​យ៉ាប​លយ​ចេញ ត្រូវ​កាត់ចេញ​ដោយ​ខ្លួនឯង សូមកុំ​រង់ចាំ​ដល់​អាជ្ញាធរ ចុះ​អនុវត្ត​ដោយ​ប្រើ​ធម៌​ក្ដៅ ដូច​នៅពេលនេះ ធ្វើឱ្យមាន​ផលប៉ះពាល់ ដល់​សម្ភារ និង​ខាត​ពេលវេលា ផលប្រយោជន៍រ​បស់បង​ប្អូន ហើយ​បាន​ស្រែកថា អយុត្តិធម៌ អាជ្ញាធរ​ប្រើ​ធម៌​ក្ដៅ​នោះ គឺ​មិន​ពិត​ទេ​៕/V​