​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Tesla របស់លោក អេ​ឡុន ម៉ាស លែង​គ្រង​តំណែង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក​ទៀតហើយ​។​

​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ​ស្ថិតនៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន BYD ដែលជា​ក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​គាំទ្រ​ដោយ​ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី​អាម៉េរិក​លោក វ៉ារិន បា​ហ្វ​ហ្វិត (Warren Buffett) ដែល​លក់​រថយន្ត​ច្រើនជាង Tesla​នៅក្នុង​រយៈពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន BYD បានឃើញ​ការលក់​កើនឡើង ៣១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​ក្រុមហ៊ុន​បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន ៦៤០.០០០ គ្រឿង ខណៈ Tesla លក់បាន ៥៦៤.០០០ គ្រឿង​។​

​ហើយ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​នេះ​ត្រៀម​ខ្លួន​លក់​រថយន្ត EV ចំនួន ១,៥ លាន​គ្រឿង​នៅ​ឆ្នាំ​នេះ​។​

​ក្រុមហ៊ុន Tesla បាន​ស្តីបន្ទោស​ការធ្លាក់​ចុះ​របស់​ខ្លួន​លើ​បញ្ហា​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជា​បន្ត​និង​ការរំខាន​ការលក់​នៅក្នុង​ប្រទេស​ចិន​បន្ទាប់ពី​ប្រតិបត្តិការ​របស់​ខ្លួន​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការបិទ​ខ្ទប់​​ទប់ស្កាត់​មេរោគ​កូរ៉ូណា​និង​ការ​រឹតបន្តឹង​ការធ្វើដំ​ណើ​រ នេះ​បើ​យោង​តាម​វេបសាយ Nikkei Asia ដែល​បាន​រាយការណ៍​ដំបូង​គេ​អំពី​បញ្ហា​នេះ​។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់ចុះ​ជាង ៣ ភាគរយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​នេះ​គឺ​ដោយសារតែ​ការធ្លាក់ចុះ​ការ​ចែកចាយ​រថយន្ត​ជា​លើកដំបូង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។​

​ទូរទស្សន៍ CNBC រាយការណ៍​ថា ភាគហ៊ុន Tesla អាច​ធ្លាក់ចុះ​ជាង ៤០ ភាគរយ​ដោយសារតែ​ការ​ចែកចាយ​កាន់តែ​ខ្សោយ​របស់ខ្លួន​។​

​ក្រៅ​ពី​បញ្ហា​ខ្សែសង្វាក់​ផ្គត់ផ្គង់ Tesla ក៏​កំពុង​ជួប​ការលំបាក​ក្នុង​ការបង្កើន​ផលិតកម្ម​នៅ​រោងចក្រ​យក្ស​ថ្មី​ចំនួន​ពីរ​របស់​ខ្លួន​នៅ​ទីក្រុង​អូ​ស្ទីន រដ្ឋ​តិច​សាស និង​នៅ​អាល្លឺម៉ង់​ផង​ដែរ​៕

​ក្រុមហ៊ុន​ចិន BYD បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន ៦៤០.០០០ គ្រឿង ខណៈ Tesla លក់បាន ៥៦៤.០០០ គ្រឿងក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២