ដោយៈ ចាន់តូ / ភ្នំពេញ​៖ ដី​ទួល​អ្នកតា​រ៉ា​ញ ដែល​ជាទីគោរព​សក្ការៈ របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ បាន​ចុះទៅ​វាស់វែង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី កំណត់​ទំហំ ឱ្យបាន​ច្បាស់លាស់ ទុក​អភិវឌ្ឍន៍ ធ្វើជា​សាលា​បុណ្យ ដែលជា​ប្រយោជន៍ សាធារណៈ ក្រោយពី​មានការ​ប៉ុនប៉ង រំលោភ​យក​ធ្វើជា​កម្មសិទ្ធិឯកជន ។​

​ដី​រួម​នោះ ត្រូវបាន​ប្រជាពលរដ្ឋ ឱ្យដឹងថា មាន​ទំហំ​ប្រមាណ​ជិត ២ ពាន់​ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ការចុះទៅ​វាស់វែង​ដី​រួម សម្រាប់ធ្វើ​បុណ្យ​នេះ ធ្វើឡើង​ទៅតាម​សំណើសុំ​អន្តរាគមន៍ របស់ មេភូមិ និង​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ថ្លឹង ១,២,៣,៤ សង្កាត់​ចោមចៅ​ទី​១ បន្ទាប់ ពី​ដី​រួម​នោះ មាន​អ្នក​ដែល​មើលថែទាំ កាប់​រាន​ដើមឈើ ប៉ុនប៉ង​ធ្វើ​ប្លង់​រំលោភ​យក ធ្វើជា​កម្មសិទ្ធិ​បុគ្គល​។​

​តាម​ពាក្យស្នើសុំ​អន្តរាគមន៍​របស់ ប្រជាពលរដ្ឋ​ដែលមាន​ស្នាម​មេដៃ ចំនួន ១៤​នាក់ បានឱ្យដឹង ថា ទីតាំង​ដី​ទួល​អ្នកតា​រ៉ា​ញ ជាទី​តាំង​មួយ ដែល​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ចោមចៅ​ទី​១ តែងតែ​គោរពបូជា​នៅ​ទីនោះ ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​។ ដូច្នេះ យើងខ្ញុំ​ទាំងអស់គ្នា ជា​មេភូមិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១,២,៣,៤ សង្កាត់​ចោមចៅ​ទី​១ សំណូមពរ ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ចាត់​ក្រុមការងារ​ចុះ​វាស់វែង និង​ពិនិត្យ​ផ្ទៀងផ្ទាត់ លើ​ទីតាំង​ដី​ទួល​អ្នកតា នេះ​។ បន្ទាប់ពី​មានការ​ស្នើសុំ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ទើប​អាជ្ញាធរ​ខណ្ឌ រួមទាំង​មន្ត្រី​ជំនាញ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​វាស់វែង នៅពេលនេះ ។ ទោះបីជា​យ៉ាងណា គេ​ពុំទាន់​ដឹងថា ដី​រួម​នោះ មាន​ទំហំ​ប៉ុន្មាន​ពិតប្រាកដ​ឡើយ ។​

​តាម​ប្រជាពលរដ្ឋ បានឱ្យដឹងថា ដី​នោះ ជា​ដី​ទួល​រួម មាន​ខ្ទម​អ្នកតា​រ៉ា​ញ ដែល​ប្រជាពលរដ្ឋ គោរពបូជា តាំងពី​សង្គមចាស់ មកម្ល៉េះ ដោយមាន​អ្នកភូមិ បីនាក់ ជា​អ្នក​មើលថែ បោសសំអាត​ទីទួល ខ្ទម​អ្នកតា រ៉ា​ញ ។ ដើមឡើយ ដី​នោះ មាន​ដើមឈើ​ធំៗ នៅ​កំឡុង​ឆ្នាំ ២០០០ អ្នក​មើលថែ​ម្នាក់ ក៏បាន​នាំគ្នា កាប់​ដើមឈើ​រាន​ព្រៃ គោលបំណង​ប្រុង​យក​ធ្វើជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​ប្រជាពលរដ្ឋ បាននាំគ្នា​តវ៉ា រារាំង ព្រោះ​ដី​នោះ​ជា​ដី​រួម ។
​ដោយសារ​មានការ​ប៉ុនប៉ង​រំលោភ ដី​រួម​នោះ ធ្វើជា​កម្មសិទ្ធិ រួចមក មេភូមិ ប្រជាពលរដ្ឋ បាននាំគ្នា​ផ្តិតមេដៃ ស្នើសុំ​ទៅ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន ចុះមក​វាស់វែង ទុកជា​សម្បត្តិ សាធារណៈ​។​

​តាម​ប្រជាពលរដ្ឋ បានឱ្យដឹង​ទៀតថា ដី​រួម​នេះ គ្មាន​នរណាម្នាក់ មក​រំលោភ​យក បាន​នោះទេ​។ ការចុះវាស់វែង​នេះ ក្នុង​គោលបំណង កំណត់​ទំហំ​ឱ្យបាន​ច្បាស់ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ឈូសឆាយ​ឱ្យបាន​ស្អាត ទុក​ធ្វើជា​សាលា​បុណ្យ (​សាលាឆទាន​) និង​សង់រោង​លោកតា សម្រាប់​គោរពបូជា ទុកជា​ប្រយោជន៍​សាលា​ធារ​ណៈ ។​

​ក្រៅពី​ដី​រួម ទួល​អ្នកតា​រ៉ា​ញ​នេះ អាជ្ញាធរ ក៏បាន​ចុះទៅ​វាស់វែង​ដី​រួម មួយកន្លែង​ទៀត នៅក្នុង សង្កាត់​ខាងលើនេះ ដែលមាន​ទំហំ​ប្រមាណ ១២ ម៉ែត្រ គុណ ៣០​ម៉ែត្រ ផងដែរ​៕/V​.mara