ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកវិទ្យាសាស្ត្របានប្រទះឃើញត្រីថ្លាមើលឃើញធ្លុះដ៏កម្រមួយក្បាល និងសត្វពីងពាងសមុទ្រដ៏ធំសម្បើមមួយនៅក្នុងទឹកសមុទ្រក្បែររដ្ឋអាឡាស្កា។
ត្រីថ្លានេះត្រូវគេស្គាល់ថាជាត្រីខ្យងពពាល ហើយឈ្មោះបច្ចេកទេសរបស់វាគឺ Crystallichthys Cyclospilus ។
ត្រីនេះមានរូបរាងដ៏ចម្លែក ដោយមានរាងកាយថ្លាលាយពណ៌ក្រហមក្រម៉ៅ ដែលអនុញ្ញាតឱ្យវាលាក់ខ្លួនយ៉ាងងាយស្រួលនៅបាតមហាសមុទ្រងងឹត ដែលកម្រឃើញពន្លឺព្រះអាទិត្យ។
លោកស្រី សារ៉ា ហ្វ្រីដមែន (Sarah Friedman) ជីវវិទូត្រីនៅរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិរបស់អាម៉េរិក (NOAA) បានសរសេរលើ Twitter ថា “សង្ឃឹមបានឃើញផ្ទាល់នូវសត្វទាំងនេះជាយូរមកហើយ!”។
លោកស្រីហ្វ្រីដមែននិងក្រុមរបស់លោកស្រីបានឃើញត្រីនេះក្នុងអំឡុងពេលការអង្កេតនិងជំរឿនសត្វសមុទ្រមួយ ដែល NOAA បានធ្វើនៅកោះអាឡឺហ្សិន (Aleutian) នៃរដ្ឋអាឡាស្កាជារៀងរាល់ឆ្នាំ។
លោកស្រីហ្វ្រីដមែនបានប្រាប់វេបសាយ Mashable ថា “យើងបានរកឃើញត្រីនេះ ៤ ឬ ៥ ក្បាលរហូតមកទល់ពេលនេះ ក្នុងរយៈពេលពីរបីសប្តាហ៍ដែលយើងបានចេញទៅក្រៅ”។
ទោះយ៉ាងណា មនុស្សធម្មតាទំនងជាមិនធ្លាប់ឃើញត្រីពិសេសបែបនេះនោះទេ។
លោកស្រីបានបកស្រាយថា “ត្រីនេះត្រូវបានរកឃើញនៅជម្រៅពី ១០០ ទៅ ២០០ ម៉ែត្រ។ ដូច្នេះខ្ញុំចង់និយាយថា មនុស្សធម្មតាទូទៅនឹងមិនដែលជួបត្រីមួយប្រភេទនេះទេ”។
ក្រុមរបស់លោកស្រីក៏បានរកឃើញសត្វពីងពាងសមុទ្រពណ៌ទឹកក្រូចដ៏ធំមួយក្បាលផងដែរ ដែលមានជើងមើលទៅដូចជាសសរឈើ ដែលគេស្គាល់ថា Colossendeis។
ពីងពាងនេះអាចលូតរហូត ២០ អ៊ីញ និងរស់នៅបាតសមុទ្រជម្រៅពី ២.២០០ ម៉ែត្រ ទៅ ៤.០០០ ម៉ែត្រ៕
ត្រីថ្លា Crystallichthys Cyclospilus និងពីងពាងសមុទ្រយក្ស Colossendeis ត្រូវបានរកឃើញនៅសមុទ្រក្បែររដ្ឋអាឡាស្កា