​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​អំពាវនាវ​ដល់ អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ទប់ស្កាត់ រាល់​បទល្មើស​ព្រៃឈើ ក្នុងនោះ​ការកាប់​រាន​ព្រៃឈើ យក​ដី​ល្មើសច្បាប់ តាម​គ្រប់​រូបភាព មក​ធ្វើជា​កម្មសិទ្ធិឯកជន ជាពិសេស​ត្រូវ​បង្កើន​នូវ​ប្រសិទ្ធភាព នៃ​ការចូលរួម​ទប់ស្កាត់ ភ្លើង​ឆេះ​ព្រៃ​គ្រប់​ប្រភេទ​។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​រុក្ខទិវា ៩ កក្កដា ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅក្នុង​បរិវេណ​វត្ត​បឹង​កែក ភូមិ​បឹង​កែក ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

​លោក ម៉ែន វិបុល បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់ សហការ​ជាមួយ បណ្ដា​អង្គភាព​ពាក់ព័ន្ធ ព្រះគ្រូ​ចៅអធិការ​វត្ត គណៈកម្មការ អាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​រៀបចំ​ពិធី​រុក្ខទិវា នៅក្នុង​បរិវេណ​វត្ត​បឹង​កែក នា​ថ្ងៃនេះ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ពី​ការ​សហការគ្នា​យ៉ាង​ល្អប្រសើរ រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ រវាង​រដ្ឋ ប្រជាពលរដ្ឋ និង​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ចូលរួម​លើកកម្ពស់​បរិស្ថាន ធម្មជាតិ និង​លើកកម្ពស់​សោភ័ណភាព ប្រកបដោយ​បរិយាកាស​បរិសុទ្ធ ក្នុង​ទីវ​ត្ត​អារាម សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​របស់ ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ផង និង​ពុទ្ធបរិស័ទ ដែល​មក​ធ្វើបុណ្យ នៅក្នុង​ទីវ​ត្ត​អារាម​របស់​យើង ផងដែរ​។

​លោក​បាន​បន្ថែមទៀតថាៈ ក្នុងនាម​រដ្ឋបាលខេត្ត សង្ឃឹមថា ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្មួយៗ​យុវជន សិស្សានុសិស្ស បន្ត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ថែទាំ​ដើមឈើ ដែល​បាន​ដាំ​រួច ឲ្យ​រស់រានមានជីវិត លូតលាស់​បានល្អ និង​រួមគ្នា​បន្ត​ដាំ​កូនឈើ នៅតាម​សហគមន៍ ទី​អារាម ភូមិដ្ឋាន ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា អង្គភាព​រដ្ឋ តាម​ដងផ្លូវ តាម​ទំនប់ ប្រឡាយ ទីទួល ទី​ទំនាប ស្រែចម្ការ និង​តាម​ទីសាធារណៈ​ផ្សេងៗ ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ការពារ ការអភិរក្ស និង​ការពង្រីក​ធនធាន​ព្រៃឈើ ដ៏​មាន​សារៈសំខាន់ សម្រាប់​យើងទាំងអស់គ្នា សំដៅ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និយាយ​ជារួម និង​មូលដ្ឋាន​ភូមិ ឃុំ ក្នុង​ខេត្តស្វាយរៀង​យើង និយាយ​ដោយឡែក កាន់​តែមាន​ទេសភាព បៃតង និង​រស់​រវើក​គ្រប់​រដូវ​កាល ។

​លោក​អភិបាលខេត្ត​ក៏បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្តទៅ​ទទួល​ការចាក់ វ៉ាក់សាំង ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើត និង​ពង្រឹង​ភាពស៊ាំ នៅក្នុង​សហគមន៍​របស់​យើង ទប់​ទល់នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ និង​សូម​មានការ​ប្រុងប្រយ័ត្ន ដោយ​បន្ត​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ ។

​សូមបញ្ជាក់ថាៈ នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ មេបញ្ជាការរង​កងក​ម្លាំ​ង ទាំងបី លោក​ប្រធាន​មន្ទីរ​-​អង្គភាព​នានា ក្នុង​ខេត្ត លោក​អភិបាលស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើនរូប​ទៀត​៕/V.mara