ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញពីមហិច្ឆតាបញ្ចប់ឲ្យបានបញ្ហាមីន និង គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅ ត្រឹមឆ្នាំ ២០២៥ ។សម្តេចតេជោបានអះអាងថារាជរដ្ឋាភិបាលនិងប្រើប្រាស់ថវិការដ្ឋរួមជាមួយថវិកាសប្បុរសជន និងប្រជា ជនកម្ពុជា សម្រាប់ការបោសសំអាតគ្រាប់មីននិងគ្រាប់ មិនទាន់ផ្ទះ ដើម្បីប្រែក្លាយកម្ពុជាសូន្យគ្រាប់មីនឲ្យបាន,ខណៈពេលនេះមានសប្បុរសជនបានចូលរួមក្នុងទឹកប្រាក់ ១៥ លានដុល្លារអាមេរិករួចមកហើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល និងថវិកាជូនដល់គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)នាព្រឹកថ្ងៃទី ៦ខែកក្កដា នេះនៅវិមានសន្តិភាព ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាកាលពីពេលប៉ុន្មានថ្ងៃមុននៅក្នុងពិធីលែងកូនត្រីនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចបានធ្វើការអំពាវនាវដល់ វិស័យឯកជនជួយដោះមីននៅកន្លែងណា ឧទាហរណ៍ថាកន្លែងខ្លះត្រូវការត្រឹមតែ ១០ ម៉ឺនដុល្លារតែប៉ុណ្ណឹងទេ ។ សម្តេចបញ្ជាក់ថាមានភូមិមួយ ឥណ្ឌាជួយ ៥ ម៉ឺនដុល្លារដើម្បីបញ្ចប់ (ការដោះមីន) ។ អញ្ចឹងទេយើងអាចប្រើការគួបផ្សំពីរ។ មួយថវិកាជាតិនិងមួយទៀតគឺសប្បុរសជនអាចចូលរួមដើម្បីរក្សាសុវត្ថិភាព។សម្តេចបានយកឱកាសនោះអំពាវនាវវិស័យឯកជនដើម្បីចូលរួមហើយធ្វើយ៉ាងម៉េចឱ្យប្រទេសកម្ពុជាយើងក្លាយទៅជប្រទេស ដែលអត់មានមីន តាមការគ្រោងទុកដែលយើងបានស្នើសុំទៅ។សម្តេចតេជោ ហ៊ុន សែនបានបន្ត ថាការពន្យាពេលម្ដងហើយម្ដងទៀត ឥឡូវយើងដោះលើទំហំដី(បាន)ភាគច្រើនហើយ ក៏ប៉ុន្តែកន្លែងខ្លះដូចជានៅមានចំនួនតិចតួចនៅតាមភូមិ ឃុំ ដូចជាឃុំប៉ោយចា នៅសល់ដី តែ ០,២៤ (គីឡូ)ម៉ែត្រក្រឡា ប៉ុណ្ណោះ ។អញ្ចឹងទេត្រូវរៀបចំដើម្បីដោះហើយប្រើថវិកាជាតិទម្លាក់ឱ្យ ជាពិសេសធានារ៉ាប់រងថាកន្លែងហ្នឹងគឺជាកន្លែងមិនមានការភ័យខ្លាច,មានតែ ស្នាម ញញឹមជំនួសឱ្យទឹកភ្នែកពីអតីតកាលរបស់ប្រជាជន ។ សម្ដេចបានអំពាវនាវឲ្យមានការចូលរួមទាំងផ្នែករាជរដ្ឋាភិបាលនិងផ្នែកវិស័យឯកជនដើម្បីចូលរួមនៅក្នុងវគ្គផ្ដាច់ ព្រ័ត្រ «ដំណើរឆ្ពោះទៅកម្ពុជាសូន្យមីន» នៅឆ្នាំ២០២៥។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថាកន្លងមកស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនិងអង្គការនានាបានដោះបំផ្លាញមីនច្រើនណាស់មកហើយ ។ ប៉ុន្តែកន្លែងខ្លះនៅសល់ដី មានគ្រាប់មីនតូចប៉ុណ្ណោះ ដោយត្រូវចំណាយថវិកាចំនួនត្រឹមតែ ៥ម៉ឺនដុល្លារ ឬ ១០ ម៉ឺនដុល្លា ២០ ម៉ឺនដុល្លាតែប៉ុណ្ណោះទេអាចបញ្ចប់បញ្ហាគ្រាប់មីននេះបានក៏ប៉ុន្តែយើងធ្វើសកម្ម ភាពហាក់ដូចយឺតពេកដោយយើងមានកិច្ចការច្រើនដែលត្រូវធ្វើក៏ប៉ុន្តែផ្នែកនេះគួរតែត្រូវបានបញ្ចប់តាមរយៈនៃការចូលរួមកម្លាំងពីគ្រប់តួអង្គពាក់ព័ន្ធដែលមានលទ្ធភាព។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រីមកដល់ពេលនេះរាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនដែលចូលរួមការងារបោសសំអាតមីនចំនួនជិត ១៥ លានដុល្លារហើយ។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែនបានអំពាវនាវឲ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀតដើម្បីចូលរួមនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ«ដំណើរឆ្ពោះទៅកម្ពុជាសូន្យ មីន»នៅឆ្នាំ ២០២៥ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការបើកគណនីមូលនិធិជាមួយធនាគារ ABA ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលរួមវិភាគទានតាមលទ្ធភាព ក្នុងសកម្មភាពធ្វើឲ្យប្រទេស កម្ពុជាមានសុវត្ថិភាព គ្មានគ្រាប់មីន ឬ សេរ៉ូគ្រាប់មីន ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់វ៉ៃផ្ដាច់ព្រ័ត្រ ដើម្បីឱ្យបញ្ហាមីននៅកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ២០២៥ហើយដោយប្រើ ចលនាជាតិរបស់យើងដើម្បីបញ្ចប់វា »។

សម្តេចតេជោបញ្ជក់ថាកន្លងមកសម្តេចមានគណនីសម្រាប់ទទួលការចូលរួមពីសុប្បុរសជនដែលជាឧកញ៉ា និង ម្ចាស់ក្រុមហ៊ុនធំ ។ ក៏ប៉ុន្តែសម្តេចទទួលបាន Commen ជាច្រើនពី ប្រជាពលរដ្ឋ និង មន្រ្តីរាជការ ជាច្រើនស្នើឲ្យសម្តេចបើកគណនីថ្មីមួយទៀតដែលអាចទទួលថវិកា ជាប្រាក់រៀល ដែលពួកគេចង់ចូលរួមជាថវិកា ២ ម៉ឺនរៀល ,៥ ម៉ឺនរៀល ឬ ១០ ម៉ឺនរៀល ២០ ម៉ឹនរៀលទៅតាមលទ្ធភាព ។ សម្តេចបាសម្តែងនូវការសម្បាយចិត្តចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់ប្រទេសជាតិរបស់ខ្លួន ។

សម្តេចបានរំលឹកថាប្រតិបត្តិការដោះមីននិងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជាគិតរហូតដល់ពេលនេះមានរយៈពេល៣០ឆ្នាំហើយដោយការបង្កើតអង្គភាពដោះមីន ស៊ីម៉ាក់ ត្រូវបានកើតឡើងនៅប្រាសាទខេមរិន្ទតាំងពីជំនាន់អ៊ុនតាក់ និង FNCឯនោះ ។ដូចនេះវាមានរយៈពេល៣០ឆ្នាំតែយើងនៅតែមិនអាចបញ្ចប់បញ្ហាគ្រាប់មីននេះទៀត ។ដោយ សារតែយើងគិតថា រង់ចាំជំនួយបរទេសសម្រាប់ការបោសសំអាតមីន ដោយយើងភ្លេចគិតថាយើងមានថវិកាអាចធ្វើការបញ្ចប់បញ្ហានេះបាន ។ សម្តេចបន្តថាថ្ងៃមុនសម្តេចឃើញ លោក លី ធុច បាន ចុះហត្ថលេខាជាមួយឥណ្ឌាទទយលថវិកា៥ម៉ឺនដុល្លាដើម្បី ដោះមីននៅភូមិមួយ វាជាចំនួនតិចតួចណាស់ដែលកម្ពុជាគួរតែអាចធ្វើបាន ។ តែទោះបីយ៉ាងណា សម្តេចអះអាងថាជំនួយបរទេសយើងនៅតែទទួលព្រោះត្រូវដោះមីននៅតំបន់ចាំបាច់មួយចំនួន ។ សម្តេចបន្តថាប្រទេសដែលផ្តល់ជំនួយច្រើនសម្រាប់ដោះមីនកន្លងមកមាន ជប៉ុន ចិន កូរ៉េ អង់គ្លេស អូស្រា្តលី អាមេរិក …។

ដើម្បីឱ្យការងារដោះមីនសម្រេចបានជោគជ័យតាមផែនការសម្តេចតេជោក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមវិភាគទានបន្ថែមទៀតដែលជាការបង្ហាញពីចលនាជាតិមួយដើម្បី សុវត្ថិភាពប្រជាជន គ្មានអ្នកស្លាប់ និង របួសដោយសារមីន ហើយប្រជាពលរដ្ឋនឹងបានទទួលដីធ្លីទៅបង្កបង្កើនផលដោយស្នាមញញឹម ផ្តល់នូវស្នាមញញឹមសម្រាប់ប្រជាជនបំបាត់ នូវការភ័យខ្លាចទាំងអស់៕