ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថាៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារថ្មី ដែលមានអគារសេនាធិការដ្ឋានថ្មី ទំហំ១១ម៉ែត្រ គុណ៥៦ម៉ែត្រ មានកម្ពស់ ៣ជាន់ ដោយប្រើរយៈពេលសាងសង់ ចំនួន៣៦ គម្រោងចំណាយថវិកា សរុបប្រមាណជាង ៦៥ ម៉ឺនដុល្លារ ដោយមិនទាន់គិតបញ្ចូលនូវ ការបំពាក់គ្រឿងសង្ហារឹមនៅឡើយ។
លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ មានក្តីសង្ឃឹម យ៉ាងមុតមាំ ថានឹងមាន ការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីសំណាក់សប្បុរសជន ដោយបានការផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧកញ៉ា លោក លោកស្រី ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា ដើម្បីឲ្យដំណើរការសាងសង់ សម្រេចបានជោគជ័យ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៍បានបញ្ជាក់ទៀតថា កិច្ចដំណើរការសាងសង់បញ្ជាការ ដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ក្នុងពេលនេះ អង្គភាពរបស់លោក មានកិត្តិយសបានទទួលការជួយឧបត្ថម្ភថវិកា ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ១០ ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ការសាងសង់អគារសេនាធិការដ្ឋាននេះ៕/V.mara