ដោយៈ មេសា / ភ្នំពេញៈ លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​ភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ថ្លែង​ផ្ញើ​សារ​ដល់ ឈ្មួញ​មិន​សុចរិត ដែល​នាំ​ជ្រូក​ចូល ដោយ​ខុសច្បាប់​ថាៈ « នេះ​គឺជា​ការបង្ហាញ​ឱ្យឃើញថា អាជ្ញា​ធរមាន​វិធាន​ម៉ឺងម៉ាត់​! ឈ្មួញ​ទាំងឡាយ ដែល​រកស៊ី​មិន​ស្របច្បាប់ មិនគួរ​ប្រថុយប្រថាន​ទេ​! សាក​គិត​ទៅ​មើល ជួញដូរ​មួយ​ជើង​ចំណេញ​បាន​ប៉ុន្មាន​? ដើម្បី ចំណេញ​តែម្នាក់ឯង ហើយ​បើ​ជ្រូក​ទាំងនោះ មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ជំងឺ​ផ្សេងៗ​ទៀត​នោះ ហើយ​ប្រសិនបើ​ត្រូវបាន​ចែកចាយ នៅលើ​ទីផ្សារ តើ​វា​នឹង​ប៉ះពាល់ យ៉ាងណា​ដល់​សុខភាព​អ្នក​បរិភោគ ដែល​សុទ្ធតែជា​ប្រជាជន​ខ្មែរ​ដូចគ្នា ហើយ​ប៉ះពាល់ យ៉ាងណា​ដល់​វិស័យ​ចិញ្ចឹមសត្វ នៅ​កម្ពុជា​?» ។​

– ចំណងជើង​រូបៈ លោក តាន់ ផាន់​ណា​រ៉ា ផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន នាឱកាស​ដុត​កម្ទេច​ជ្រូក​ចោល នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ( តាន់ ផាន់​ណា​រ៉ា​)
– រូបៈ មេសា​

​លោក តាន់ ផាន់​ណា​រ៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ដុត​កម្ទេច​ជ្រូក​ចោល ចំនួន ៨០ ក្បាល ដែល​ធ្វើឡើង​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ នេះ ។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ថ្លែងថាៈ ក្នុងនាម​កសិករ ចិញ្ចឹមសត្វ​ទាំងអស់ នៅ​ទូទាំងប្រទេស សូម​ថ្លែងអំណរគុណ ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​សកម្ម​ក្នុងការ​ទប់ស្កាត់ ការនាំ​សត្វ​ចូល​ដោយ​ខុសច្បាប់ ពី​ប្រទេសជិតខាង ព្រោះ​ការនាំ​សត្វ​ចូល​ដោយ​ខុសច្បាប់ គឺជា​គ្រោះថ្នាក់​ខ្លាំង សម្រាប់​វិស័យ​ចិញ្ចឹមសត្វ នៅ​កម្ពុជា ។​

– ទិដ្ឋភាព​នៃ​ការដុត​កម្ទេច​ជ្រូក​ចោល ៨០ ក្បាល ដែលជា​ជ្រូក​ចាប់បាន​ពី​ឈ្មួញ​នាំចូល ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​រកឃើញថា មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ( ដុត​ជ្រូក ១, ដុត​ជ្រូក ២, ដុត​ជ្រូក ៣, ដុត​ជ្រូក ៤, ដុត​ជ្រូក ៥)
– រូបៈ មេសា​

​សូមជម្រាបថា ជ្រូក​ដែល​ត្រូវបាន​ដុត​កម្ទេចចោល នៅថ្ងៃនេះ មាន​ចំនួន ៨០ ក្បាល ហើយ​គឺជា​ជ្រូក​ដែល​ត្រូវបាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រកឃើញថា មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​បំផុត​មួយ សម្រាប់​វិស័យ​ចិញ្ចឹម​ជ្រូក​។ កាច​សាហាវ ព្រោះថា ឱ្យតែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ចូលដល់​ក្នុង​កសិដ្ឋាន ណាមួយ​ហើយ​នោះ វា​នឹង​បំផ្លាញ ពោលគឺ វា​នឹង​ធ្វើឱ្យ​ជ្រូក នៅក្នុង​កសិដ្ឋាន​នោះ ងាប់​ទាំងអស់ បន្ទាប់មក វា​អាច​នឹង​សាយភាយ​ទៅ​សម្លាប់​ជ្រូក នៅ​កន្លែង​ផ្សេងទៀត អាច​រហូតដល់​វិនាស​ខ្ទេចខ្ទី​អស់ នៅ​ទូទាំងប្រទេស ប្រសិនបើ​ទប់ស្កាត់ មិនបាន​ទាន់ពេលវេលា​ទេនោះ ដែល​ករណី​ប្រហាក់ប្រហែល​នេះ ធ្លាប់បាន​កើតឡើង​ម្តង​ហើយ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ។​

– ទិដ្ឋភាព​នៃ​ការដុត​កម្ទេច​ជ្រូក​ចោល ៨០ ក្បាល ដែលជា​ជ្រូក​ចាប់បាន​ពី​ឈ្មួញ​នាំចូល ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​រកឃើញថា មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ( ដុត​ជ្រូក ១, ដុត​ជ្រូក ២, ដុត​ជ្រូក ៣, ដុត​ជ្រូក ៤, ដុត​ជ្រូក ៥)
– រូបៈ មេសា​

​សូម​ជម្រាបជូន​ផងដែរ​ថា ជ្រូក​ដែល​ត្រូវបាន​ដុត​កម្ទេចចោល នៅថ្ងៃនេះ គឺជា​ជ្រូក​ដែល​មន្ត្រី សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ តាម​ប្រមាញ់​ស្ទាក់ រហូត​ចាប់បាន នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចំណុច​ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រែ​វែង កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ហើយ​យកទៅ​រក្សាទុក នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​របស់ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រហូត​រកឃើញថា មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដ៏​ជាទី​ភ័យខ្លាច​នេះ ទើប​យកមក​ដុត កម្ទេចចោល​បែបនេះ ហើយ​ជ្រូក​នោះ ត្រូវបាន​ឈ្មួញ​នាំចូល ដោយ​ខុសច្បាប់ តាម​ច្រកស្វាយ​អា​ង៉ោង ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ៕.mara

– លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ( ស្រ៊ុន ពៅ )
– រូបៈ មេសា​