ដោយ : ភ្នំស្វាយ / ស្រះកែវៈ សហគមន៍ទឹកដោះគោ វ៉ាងណាំយ៉ិន ( Wangnamyen Diary Co-operative Ltd) នៅស្រុកវ៉ាងណាំយ៉ិន ខេត្តស្រះកែវ ប្រទេសថៃ បន្តសហប្រតិបត្តិការនឹងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារ ។
លោកវរសេនីយ៍ តាអំនួយ ថងគុត ប្រធានសហគមន៍ទឹកដោះគោ វ៉ាងណាំយ៉ិន ជម្រាបប្រតិភូពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា មកពីខេត្តមួយចំនួន ដែលជាប់ឬជិតព្រំដែន កាលពីថ្មីៗ នេះថា: សហករណ៍មានសមាជិកច្រើននាក់/គ្រួសារ នៅក្នុងខេត្ត ហើយមានគោញីទឹកដោះចំនួន ៨.០០០ក្បាល ដែលជាពូជពីប្រទេសហូឡង់ និង អាមេរិក ជាដើម ។
លោកបានបន្តថា: លទ្ធផលនោះ ជាការអនុវត្តតាមព្រះរាជតម្រិះព្រះករុណាអម្ចាស់តម្កល់លើត្បូង ព្រះមហាក្សត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ តាមរយ:ក្រសួងកសិកម្ មនិងសហករណ៍ ព្រមទាំងកិច្ចសហការ បង្កលក្ខណ:ងាយស្រួល ពីអាជ្ញាធរមានសមត្ថកិច្ច នៃផ្នែកសាធារណ: និងពីដៃគូផ្នែកឯកជន ។
លោកតាអំនួយ ថងគុត បានបន្តទៀតថា: ជាង១០០ ឆ្នាំមកហើយ ដែលសហករណ៍ បានដំណើរការ ក្នុងនោះ បានធ្វើការជាមួយកម្ពុជា ជាង ៤០ ឆ្នាំហើយ ។
កាលប្រទេសកម្ពុជា មានសង្គ្រាមស៊ីវិល ក្រុមហ៊ុននេះ ក៏បានធ្វើការជាមួយកម្ពុជាដែរ គឺបានរៀបចំអំណោយជាស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារ:ប្រើប្រាស ជូនជនភៀសខ្លួន និងជនភៀសសឹក ។ ក្នុងនោះ ឯខាងក្នុងសហករណ៍ ក៏បានទទួលពលរដ្ឋកម្ពុជា ឱ្យចូលធ្វើការផងដែរ ។
លុះកម្ពុជា បានចប់សង្គ្រាម ពីឆ្នាំ១៩៩៣ និងពីឆ្នាំ១៩៩៨ មក សហគមន៍ បានប្តូរពីផ្តល់អំណោយដល់ពលរដ្ឋកម្ពុជា មកជាទទួលបណ្តុះបណ្តាលបច្ចេកទេសជំនាញ ធនធានមនុស្ស ដល់យុវជនកម្ពុជា និងទទួលឱ្យចូលធ្វើការ ក្នុងរោងចក្រផលិត ទឹកដោះគោ វ៉ាងណាំយ៉ិននេះ ។
បច្ចុប្បន្ន មានពលករកម្ពុជា ៨នាក់ បាននឹងកំពុងធ្វើការ នៅក្នុងកសិដ្ឋាន និងរោងចក្រ ជាមួយនឹងប្រាក់ឈ្នួល និងល័ក្ខខ័ណ្ឌការងារស្របតាមច្បាប់ការងារ (មានកន្លែងស្នាក់នៅ មានអាហារឧបត្ថម្ភ និងសេវារ៉ាប់រងសុខភាព ម៉ោងធ្វើការ ការឈប់សម្រាក) ។
សហករណ៍ទឹកដោះគោនេះ ក៏បានធ្វើសហប្រតិបត្តិការជិតស្និទ្ធកសិដ្ឋានទឹកដោះគោ នៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារពីឆ្នាំ២០១៩ មក ផងដែរ។ ក្នុងនោះ មានការផ្តល់ពូជគោ ការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ថែទាំ ការយកទឹកដោះ សំបកវេចខ្ចប់ ជាដើម។
លោកវរសេនីយ៍ តាអំនួយ ថងគុត បានបន្តថា: កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សហគមន៍បានអញ្ជើញប្រតិភូ២ ចូលទស្សនកិច្ច នៅកន្លែងខ្លួន គឺប្រតិភូពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា មកពីខេត្តមួយចំនួន នៃការបើកកម្មវិធី “ការតភ្ជាប់និងផ្គូរផ្គងចរចារដៃគូពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម ឆ្នាំ២០២២ ” (Business B2B SMEs Thailand -Cambodia ) ថ្ងៃទី៣០ ខែមិថុនា - ២ ខែកក្កដា ឆ្នាំ២០២២ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ឈុំ វណ្ណារឹទ្ធិ អនុរដ្ឋលេខាធិការ លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជកម្មខេត្តបាត់ដំបង តំណាងសភាពាណិជ្ជកម្មខេត្តនានា និងកញ្ញា នុងយ៉ៅ ស៊ីចាន់ថាមីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ និងលោកស្រី ប្រធានសភាពាណិជកម្មខេត្ត
និងប្រតិភូឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ។
ក្នុងនោះដែរ សហគមន៍ ក៏កំពុងរៀបចំទស្សនកិច្ចរបស់ប្រតិភូសហករណ៍ ដឹកនាំដោយលោកវរសេនីយ៍ តាអំនួយ ថងគុត ទៅកាន់ឧទ្យានឫស្សីត្រឹប ។
លោក ចាន់ វណ្ឌី ប្រធានទទួលបន្ទុកផ្នែករោងទឹកដោះគោ នៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី៦ ខែកក្កដាថា: កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ បានបង្កើតឡើង ពីឆ្នាំ២០១៨ មក លើផ្ទៃដីចម្ការស្មៅ ទំហំ ២០០ហិកតា លើផ្ទៃរួមនៃឧទ្យានទំហំ ១១ ម៉ឺនហិកតា ។
លោកបានបន្តថា: :ក្នុងនោះ កសិដ្ឋាន បានទទួលគោយកទឹកដោះពូជអូស្ទីន ពីសហករណ៍វ៉ាងណាំយ៉ិន ហើយបច្ចុប្បន្ន មេនិងកូនគោ មានចំនួន ១០០ ក្បាល ។
អំពីកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ទឹកដោះគោ វ៉ាងណាយ៉ិន បានដំណើរការល្អ និងហុចផ្លែផ្កា ។ ក្នុងនោះ សហករណ៍ បានផ្តល់ពូជគោ បញ្ជូនអ្នកបច្ចេកទេស មកកម្ពុជា ឬទទួលអ្នកបច្ចេកទេសកម្ពុជា ទៅធ្វើការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ថែទាំ ការយកទឹកដោះ សំបកវេចខ្ចប់ ជាដើម។
លោកចាន់ វណ្ឌី បានបន្តថា: ប៉ុន្តែគួរឱ្យស្តាយ ដោយជិត ៣ ឆ្នាំមកនេះ មនុស្ស និងកន្លែងទាំងពីរ មិនអាចជួប និងធ្វើការជាមួយគ្នាបាន ព្រោះការរីករាលដាលជំងឺកូវីដ១៩ ហេតុនេះបានជាពេលថៃ បើប្រទេសឡើងវិញ សហករណ៍ ក៏អញ្ជើញប្រតិភូកម្ពុជា ដូចខាងលើ ទៅធ្វើទស្សនកិច្ច នៅសហករណ៍ ដើម្បីផ្លាស់ប្តូរព័ត៌មាន ការពិភាក្សាគ្នា ដើម្បីបន្តនិងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ៕.mara /V