ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​«​តេ​ជោ​» នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានធ្វើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​«​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​»​ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ រៀបចំ​កសាង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​,​ចូលរួម​សាកល្បង អនុវត្ត និង​ប្រើប្រាស់​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល និង​ចែករំលែក​បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាព​ធុរកិច្ច ក្នុង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​។​

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពីពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ដាក់​ដំណើរការ​ប្រព័ន្ធ​បាគង​ប្រក​កប​ដោយ​ភាពជោគជ័យ ធនាគារជាតិ​នៃ​កម្ពុជា​បាន​មើលឃើញ​ពី​លទ្ធភាព​ក្នុង​ការបន្ត​អភិវឌ្ឍ​ប្រព័ន្ធ​បាគង​នៅក្នុង​ជំហាន​បន្ទាប់ ដើម្បីឱ្យ​ប្រព័ន្ធ​បាគង​អាចបំពេញ​មុខងារ​កាន់​តែ​សម្បូរបែប និង​មាន​ភាពងាយស្រួល​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ឌីជីថល​។

​លោកស្រី មានប្រសាសន៍ថា​បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​ចុះឈ្មោះ​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​បាគង​បាន​អនុវត្ត​នីតិវិធី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន តាម​វិធីសាស្ត្រ Manual Approach នៅតាម​បញ្ជរ​របស់​គ្រឹះស្ថាន ឬ​កំណត់​អត្តសញ្ញាណ​អតិថិជន​តាម​វិធាន​ដោយឡែក​ពីគ្នា​របស់​គ្រឹះស្ថាន​នីមួយៗ​។ តែ​ទោះជា​យ៉ាងណា ការអនុវត្ត​បែបនេះ ជា​វិធីសាស្ត្រ​បែប​ប្រពៃណី នៅ​ពុំទាន់​មាន​ភាពងាយស្រួល​មិនតែប៉ុណ្ណោះ​វា​អាច​នឹង​បង្កឱ្យមាន​ហានិភ័យ​ក្នុងការ​ក្លែងបន្លំ និង​ការប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ដោយសារ​ពុំទាន់​មាន​ប្រព័ន្ធ​រួមមួយ ដែលមាន​សមត្ថភាព​ក្នុងការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​អតិថិជន​បាន​នៅឡើយ​។​

លោកស្រី​សង្កត់ធ្ងន់​ដូច្នេះ​ថា​« ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​សិក្សា និង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​ពី​ក្រសួងមហាផ្ទៃ​តាមរយៈ​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (Cambodia Data Exchange – CamDX) សម្រាប់​យកមក​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន​ជា​ឌីជីថល នៅពេល​អតិថិជន​ចុះឈ្មោះ​បើក​គណនី​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ក្រុមការងារ​អន្តរក្រសួង បាន​សិក្សា និង​ធ្វើតេស្ត​សាកល្បង​លក្ខណៈ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការភ្ជាប់​ប្រព័ន្ធ​បាគង​និង​ថ្នាល CamDX ក្រោមរូបភាព​ជា Sandbox ។​លើ​លទ្ធភាព​ក្នុងការ​អនុវត្ត​e-KYC បាន​ដោ​យគជ័យ ជា​លទ្ធផល​បង្ហាញថា តាមរយៈ​ថ្នាល CamDX ប្រព័ន្ធ​បាគង​អាច​បញ្ជាក់​អត្តសញ្ញាណ​អតិថិជន​ជា​លក្ខណៈ e-KYC បាន​ដោយ​រលូន​»​។


​លោក​បណ្ឌិត គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ អន្តរក្រសួង​អនុវត្ត​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល (e-KYC) មានប្រសាសន៍ថា​« e-KYC គឺ​ប្រព័ន្ធ​ដែល​បាន​បង្កើតឡើង​ដំបូង​របស់​រាជរដ្ឋាភិបាល មាន​គោលបំណង​សម្រាប់​ការ​ផ្ទៀ​ត​ផ្ទាត់​នៃ​ប្រព័ន្ធ​អន​ឡាញ​។ ប្រព័ន្ធ​នេះ​គឺជា​ប្រព័ន្ធ​ផ្ទៀ​ត​ផ្ទាត់​រួម ដែល​បាន​ត​ភ្ជាប់​ព័ត៌មាន​អត្តសញ្ញាណ​របស់​ក្រសួងមហាផ្ទៃ ក្នុងនោះ​ថ្នាល (e-KYC) អនុ​ញ្ញា​ត្តិ​ឱ្យ​ត​ភ្ជាប់ Open ATI ចំនួន ១០​ដូចជា​៖ មុខ​, ឈ្មោះ​, ភេទ​, ថ្ងៃខែ​ឆ្នាំ​កំណើត និង​អត្តសញ្ញាណ​នប​ត្រ​ជាដើម ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និង​គ្រប់គ្រង​អត្តសញ្ញាណ​បាន​ត្រឹមត្រូវ​»៕​.mara