​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បានធ្វើ​ទស្សនកិច្ច​វៀតណាម​កាល​ពី​ថ្ងៃ​ពុធ ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​មួយ​ដើម្បី​ទ្រោល​ទំនាក់ទំនង​ជាមួយ​ប្រទេស​មួយ​ដែល​មិន​​បានធ្វើការ​ថ្កោលទោស​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនជា​ចំហ​។​

​លោក​ឡាវ​រ៉ូវ ក្នុង​ដំណើរ​ទៅ​កាន់​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​G-20 បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម ដែល​ក៏​កំពុង​ពង្រឹង​ការទាក់ទង​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​មក​កាន់​អាស៊ី​ដើម្បី​ស្វះស្វែង​រក​ការគាំទ្រ​ចំពេល​ប្រទេស​លោក​ធ្វើ​អោយ​នៅ​ឯកោ​ខាង​ការទូត​ដោយ​លោក​ខាងលិច​និង​រង​ទណ្ឌកម្ម​ទូទៅ​ដោយសារតែ​​ការ​ចូលលុកលុយ​ប្រទេស​ក្បែរ​ខាង​អ៊ុ​យក្រែន​។​លោក​បាន​ទៅ​ទស្សនកិច្ច​ម៉ុង​ហ្គោលី​នៅ​មួយ​ថ្ងៃ​មុនមក​ដល់​វៀតណាម​។​

​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​នៅ​ពេល​ប្រទេស​ទាំង​ពីរ​កត់សំគាល់​ខួប​ទី​ដប់​នៃ​ការពង្រីក​ទំនាក់ទំនង​របស់​គេ​អោយ​ដល់​កំរិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​សូម​រំលឹក​ថា សហភាពសូវៀត​ជា​អ្នកគាំទ្រ​ជិតដិត​បំផុត​របស់​រដ្ឋាភិបាល​កុំម្មុយនីស្ត​វៀតណាម ក្នុងអំឡុង​សង្គ្រាម​វៀតណាម​ប្រឆាំង​ទល់​នឹង​រដ្ឋាភិបាល​មូលធននិយម​របស់​វៀតណាម​ខាងត្បូង និង​អាម៉េរិក​​ព្រមទាំង​សម្ពន្ធមិត្ត​។​

​លោក​ឡាវ​រ៉ូវ បាន​ចាកចេញ​ពី​វៀតណាម​នៅ​រសៀល​ថ្ងៃ​ពុធ​និង​ធ្វើ​ដំណើរ​ទៅកាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ម្ភៃ​(G-20)​និង​​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​៕

​ឡាវ​រ៉ូវ គោរព​នៅមុខ​ស្តូប​ហូ​ជី​មី​ញ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​៦​កក្កដា និង​ជួប​សម​ភាគី​វៀតណាម​មុន​ចេញដំណើរ​ទៅ​ឥណ្ឌូនេស៊ី​