ដោយៈ យោធិន / ភ្នំពេញៈ ជាមួយនឹង​ប្រសាសន៍​វាយតម្លៃ​ខ្ពស់ ក្នុង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​រក្សា​សន្តិភាព ដែល​ជ្រោមជ្រែង​ប្រកបទៅដោយ លទ្ធផល​ល្អប្រសើរ ពី​សំណាក់ កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​លី​បង់ នា​រយៈកាល​កន្លងទៅ រហូតមកទល់​បច្ចុប្បន្ន ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​បេសកកម្ម មនុស្សធម៌ ជា​បន្តទៀត​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានស្នើ​ឲ្យ​មានការ​បន្ត​កិច្ចសហប្រតិបត្តិការ លើ​ការងារ​រក្សា សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) រវាង​កុងស៊ុល​កម្ពុជា ប្រចាំ​តំបន់​បេសកកម្ម អ​.​ស​.​ប​. នៅ​សាធារណរដ្ឋ​លី​បង់ ជាមួយ​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព​បែបនេះ ក្នុង​ឱកាសលោក កា​ម៉ា​ល់ អា​ហ្គោ​ស្ទី​ន (Kamal Agostine) កុងស៊ុល​កម្ពុជា ប្រចាំ​តំបន់​បេសកកម្ម អ​.​ស​.​ប​. ប្រចាំ​នៅ​សាធារណរដ្ឋ​លី​បង់ អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​រាយការណ៍ ពី​សកម្មភាព​លទ្ធផល​បេសកកម្ម រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ក្នុង​តំបន់​បេសកកម្ម នៅ​ប្រទេស​លី​បង់ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍ លើកទឹកចិត្ត​នូវ​រាល់​សកម្មភាព ពាក់ព័ន្ធ​លើ​វិស័យ​រក្សា​សន្តិភាព ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​តំបន់​បេសកកម្ម អ​.​ស​.​ប​. ប្រចាំ​នៅ​លី​បង់ ជាមួយនឹង​កង​យោធា​មួក​ខៀវ​កម្ពុជា នា​រយៈកាល​កន្លងទៅ រហូតមកដល់​ប​ច្វុ​ប្បន្ន​នេះ ព្រមទាំង​ប្រសាសន៍ សាកសួរ​សុខទុក្ខ​រប​ស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជូន​ចំពោះ​លោក កា​ម៉ា​ល់ អា​ហ្គោ​ស្ទី​ន ផងដែរ​។​

​លោក កា​ម៉ា​ល់ អា​ហ្គោ​ស្ទី​ន ក៏បាន​ជម្រាបជូន​ដល់ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​ផងដែរ ពី​ស្ថានភាព​ធម្មតា ដោយ​ពុំមាន​ហានិភ័យ​អ្វី លើ​បញ្ហា​រោគរាតត្បាត​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ ក្នុង​តំបន់​បេសកកម្ម នៅ​សាធារណរដ្ឋ​លី​បង់​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម​សុវណ្ណនី ក៏បាន​លើកឡើង ពី​គោលបំណង ក្នុងការ​អញ្ជើញ​ចុះសួរសុខទុក្ខ កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​របស់ អង្គការសហប្រជាជាតិ នៅក្នុង​តំបន់​បេសកកម្ម សាធារណរដ្ឋ​លី​បង់ នាពេល​ខាងមុខនេះ ៕/V​.mara