ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីហ្វីលីពីនថ្មីលោក ហ្វែរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)នឹងជួបជាមួយអ្នកការទូតកំពូលរបស់ចិននៅថ្ងៃពុធនេះដើម្បីពិភាក្សាអំពីជម្លោះត្រាំត្រែងនៅសមុទ្រចិនខាងត្បូង ខណៈរូបលោកឈានជើងចូលទៅក្នុងបញ្ហានយោបាយការបរទេសដែលរួមមានការប្រជែងគ្នារវាងសហរដ្ឋអាម៉េរិកនិងចិននៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ដែលពាក់អាវប្រពៃណីផ្លូវការរបស់ហ្វីលីពីន បានជួបសមភាគីរបស់លោក ដើម្បីពិភាក្សានៅក្រសួងការបរទេសក្នុងទីក្រុងម៉ានីល។ មន្ត្រីហ្វីលីពីនមួយរូបបាននិយាយថា គាត់គ្រោងនឹងជួបលោកម៉ាកូសជូនៀ នៅពេលរសៀលថ្ងៃពុធនេះនៅឯវិមានប្រធានាធិបតី និងពាំនាំការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនភីងសម្រាប់គាត់ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
លោកវ៉ាងបានមកដល់ទីក្រុងម៉ានីលកាលពីយប់ថ្ងៃអង្គារ ជាផ្នែកនៃដំណើរមកកាន់អាស៊ីអាគ្នេយ៍ ដែលបាននាំគាត់ទៅកាន់មីយ៉ាន់ម៉ានិងថៃមុននេះ។ លោកក៏នឹងទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីផងដែរ ជាទីដែលលោកនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលី។
ដំណើរទស្សនកិច្ចរបស់លោកវ៉ាងបានរុញលោកម៉ាកូសឱ្យឆាប់ជួបជាមួយនឹងបញ្ហាការទូតបរទេស ដែលជាញឹកញយបានជំរុញអ្នកកាន់តំណែងមុនៗរបស់លោកឱ្យថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នបំផុត។ លោកម៉ាកូសបានស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែឧសភា។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍កាលពីថ្ងៃអង្គារថាលោកនឹងពិភាក្សាជាមួយលោកវ៉ាងអំពីមធ្យោបាយដែលអាចធ្វើទៅបានដើម្បីដោះស្រាយជម្លោះរបស់ទីក្រុងម៉ានីលជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ប៉ុន្តែក៏នឹងស្នើឱ្យពង្រីកទំនាក់ទំនងបន្ថែមទៀតផងដែរ។
លោកម៉ាកូសបាននិយាយដោយប្រើឈ្មោះសមុទ្រដែលហ្វីលីពីននិយមហៅសម្រាប់ដែនទឹកជម្លោះនេះ យ៉ាងដូច្នេះថា “ចិននិងហ្វីលីពីនគួរតែពិភាក្សាគ្នាមិនត្រឹមតែអំពីសមុទ្រហ្វីលីពីនខាងលិចនោះទេ។ តោះសូមធ្វើរឿងផ្សេងទៀតផង។ វានឹងធ្វើឱ្យទំនាក់ទំនងរបស់យើងមានភាពប្រក្រតី”។
លោកបាននិយាយថា “យើងមានសំណើជាច្រើនដល់ពួកគេ ក្នុងន័យនេះដូចដែលខ្ញុំបាននិយាយ យើងចង់ឱ្យពួកយើងទាំងពីរបង្កើនវិសាលភាព”ហើយលោកបានលើកឡើងពីលទ្ធភាពពង្រីកការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងយោធាផងដែរ។
លោកមិនបានរៀបរាប់អំពីរបៀបដែលលោកនឹងដោះស្រាយបញ្ហាទឹកដីនោះទេ ប៉ុន្តែបានបង្ហាញថា ជាទូទៅលោកនឹងធ្វើតាមវិធីសាស្ត្ររបស់អ្នកកាន់តំណែងមុនរបស់ខ្លួនគឺលោក រ៉ូឌ្រីហ្គោ ឌុយទែត ដែលផ្តោតលើការបង្កើនការចូលរួមជាមួយចិន៕
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អិនរីកេ ម៉ាណាឡូ (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី ជួបពិភាក្សាគ្នានៅទីក្រុងម៉ានីលនៅព្រឹកថ្ងៃពុធនេះ