​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ បើតាម​សេចក្តីជូនដំណឹង រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ បានឱ្យដឹងថាៈ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ពង្រីក​ផ្លូវ ដែលមាន​ទទឹង​ទំហំ ៣០​ម៉ែត្រ បណ្តោយ ប្រវែង​ប្រហែល ៤០០​ម៉ែត្រ ចាប់​ពីមុខ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​សំរោងក្រោម រហូតដល់ មហាវិថី​ឈ្នះ​ឈ្នះ ស្ថិតនៅ​ភូមិ​សំរោង និង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ដើម្បី​ជៀសវាង​ការកកស្ទះ ចរាចរណ៍ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ចូលរួម​សហការ​រុះរើ​ផលប៉ះពាល់​ចេញពី​ទីតាំង​ពង្រីក​ផ្លូវ​ខាងលើ ឱ្យអស់​ក្នុង​រយៈពេល​០៧​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ មិនដែល​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ នឹងមាន​វិធាន​ការចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេងៗ​ដែលមាន​នៅលើ​ទីតាំង​នោះឡើយ​។ ចំពោះ​រាល់​ការចំណាយ​ក្នុងការ​អនុវត្ត​ការងារ​រុះរើ​នេះ ជា​បន្ទុក​របស់​ម្ចាស់​ទីតាំង​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ករណី​មានការ​រារាំង នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​