​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅពេល​ថ្មីៗ​កន្លងទៅនេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ថា​នី ប៊ិន អា​មេ​ត អាល ហ្សេ​យូ​ឌី ( Thani bin Ahmed Al Zeyoudi) អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អមដោយ​សហការី បាន​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ច​ជំនួប​ពិភាក្សា​ការងារ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ដើម្បី​ជំរុញឱ្យមាន​លំហូរ​វិនិយោគ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​រដ្ឋាភិបាល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្នុងការ​រៀបចំ​ពិ​ព័រ​ណ៌​ពិភពលោក ២០២០ ឌូ​បៃ ដោយ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ព្រមទាំង​បាន​ថ្លែង​កោតសរសើរ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងការ​រៀបចំ​ឱ្យ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ប្រាក់​ពិភពលោក លើ​ការ​រចនា​ពន្លា​ជាតិ​ល្អ​ជាងគេ​។​
​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​បាន​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ទីផ្សារ​ធំ​មួយ ដែល​ឈរ​ក្នុង​លំដាប់​ទី​២៦ សម្រាប់​ការនាំចេញ​ទំនិញ​មកពី​កម្ពុជា​។ បើ​ផ្អែក​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​កម្ពុជា ទោះបី​ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីត​-១៩​ក្ដី ក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​សម្រេចបាន​ប្រមាណ ១៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ដែល​កើនឡើង​៥៣% ធៀប​នឹង​ឆ្នាំ​២០២០​។ ក្នុងនោះ កម្ពុជា​នាំចេញ​មុខទំនិញ​ទៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដូចជា​៖ វាយ​ន​ភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ អង្ករ ។​ល​។ ដោយឡែក ចំពោះ​ការនាំ​ចូល​ពី​អេ​មី​រ៉ា​ត អារ៉ាប់​រួម មានដូចជា​៖ ផលិតផល​ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និង​ផលិតផល​ធ្វើ​ពី​សេ​រ៉ា​មិ​ក ជាដើម​។​

​លោក​ថា​នី ប៊ិន បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​យ៉ាង​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បាន​វាយតម្លៃ​ខ្ពស់​លើ​សក្ដានុពល​កំណើនសេដ្ឋកិច្ច​កម្ពុជា​នាពេល​អនាគត ហើយ​បានបង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​មួយកម្រិត​ទៀត​។​
​ក្នុងឱកាស​នោះ ភាគី​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់ និង​បង្ហាញ​សុទិដ្ឋិនិយម ព្រមទាំង​ចក្ខុវិស័យ​របស់​ប្រទេស​ទាំងពីរ សំដៅ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ រវាង​ប្រទេស​ទាំងពីរ​។​
​នៅ​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើ​ថែម​មួយកម្រិត​ទៀត ជាពិសេស​គឺ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្ពស់ជាង​មុន​បន្ថែមទៀត​៕​.mara