​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកស្រុក​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​សៀង​ហៃ​និង​ទីក្រុង​ប៉េកាំង​ត្រូវបាន​បញ្ជា​ឱ្យ​ឆ្លងកាត់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​ជុំ​ថ្មី​បន្ថែម​ទៀត​បន្ទាប់ពី​ការរកឃើញ​ករណី​​ថ្មី​នៅក្នុង​ទីក្រុង​ទាំង​ពីរ ខណៈ​ការ​រឹតបន្តឹង​នៅតែ​មាន​នៅ​នឹង​កន្លែង​ក្នុង​ទីក្រុង​ហុងកុង ម៉ា​កាវ និង​ទីក្រុង​ផ្សេង​ទៀត​របស់​ចិន​។​

​ទីក្រុង​សៀង​ហៃ​ទើបតែ​ងើប​ចេញ​ពី​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង ដែល​បាន​បង្ខាំង​អ្នកស្រុក​ភាគច្រើន​របស់​ខ្លួន​ទាំង​២៤​លាន​នាក់​ឱ្យនៅតែ​ក្នុងផ្ទះ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ហើយ​ការតម្រូវ​ថ្មី​នេះ​​បាន​នាំឱ្យ​មាន​ការព្រួយបារម្ភ​អំពី​ការវិលត្រឡប់​មក​វិញ​នៃ​វិធានការ​ធ្ងន់ធ្ងរ​បែបនេះ​។​

​ការ​ផ្ទុះ​ឡើង​ចុងក្រោយបង្អស់​នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ចិន ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​សំខាន់​មួយ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ហាង​ខារ៉ាអូខេ​មួយ​ដែល​ខកខាន​ក្នុង​ការអនុវត្ត​វិធាន​​ការបង្ការ​ក្នុងចំណោម​និយោជិត​និង​អតិថិជន រួម​ទាំង​ការតាមដាន​អ្នក​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ប៉ះពាល់​ជាមួយ នេះ​បើ​យោង​តាម​គណៈកម្មកា​រសុខ​ភាព​របស់​ទីក្រុង​សៀង​ហៃ​។

​នាយកដ្ឋា​វប្បធម៌​និង​ទេសចរណ៍​ក្រុង​បាន​និយាយថា ហាង​ខារ៉ាអូខេ​ទាំងអស់​ត្រូវបាន​បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។​

​ការបិទ​ទីក្រុង​សៀង​ហៃ​បាន​ជំរុញ​ឱ្យមាន​ការតវ៉ា​មិនធម្មតា​ទាំង​ដោយផ្ទាល់​និង​តាម​អ៊ីនធឺណិត​ប្រឆាំង​នឹង​ការអនុវត្ត​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើឱ្យ​អ្នកស្រុក​ជា​ច្រើន​ជួប​ការលំបាក​​ក្នុង​ការទទួលបាន​អាហារ​និង​សេវា​វេជ្ជសាស្ត្រ ហើយ​បាន​បញ្ជូន​មនុស្ស​រាប់ពាន់​នាក់​ទៅ​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក​។​

​ទីក្រុង​ប៉េកាំង​ក៏​បាន​ឃើញ​ការផ្ទុះកូ​វីដ​ថ្មីៗ​នេះ​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​ពេល​រាត្រី​ផងដែរ​។ ទីក្រុង​ប៉េកាំង​បាន​ធ្វើតេស្តិ៍​ជាប្រចាំ​រាប់​សប្តាហ៍​មក​ហើយ​ហើយ​យ៉ាងហោច​ណាស់​បរិវេណ​លំនៅដ្ឋាន​មួយ​​នៅ​ជាយក្រុង​ប៉េកាំង​គឺ​សង្កាត់​ស៊ុន​យី (Shunyi) ដែល​ជា​លំនៅ​សម្រាប់​ជន​បរទេស​ភាគច្រើន ត្រូវ​បាន​បិទ​ខ្ទប់​ដោយ​មាន​ការដំឡើង​រប​ង​ដែក​នៅ​ច្រកចូល​ដើម្បី​ទប់ស្កាត់​អ្នកស្រុក​កុំឱ្យ​ចាកចេញ​។​

​ការអនុវត្ត​ច្បាប់​នៅក្នុង​រដ្ឋធានី​របស់​ចិន​មាន​ភាព​ធូរស្រាល​ជាង​ទីក្រុង​សៀង​ហៃ​ឆ្ងាយ​ណាស់ បើ​ទោះបីជា​ក្រុម​មន្ត្រី​នៅតែ​បន្ត​តម្រូវ​ឱ្យមាន​ការ​ធ្វើតេស្តិ៍​និង​វិធានការ​បង្ការ​ជា​ប្រ​ចាំ​ក៏ដោយ​៕

​បុគ្គលិក​ពេទ្យ​កំពុង​យក​សំណាក​ពី​អ្នក​ក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៦ កក្កដា ឆ្នាំ​២០២២