​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ក៏ដូចជា ផ្តល់នូវ​ដំបូន្មាន​មួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា ជនពិការ មុននឹង​ពួកគេ​ចេញទៅ​ប្រកួត កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី​។​

 

​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នេះ កម្ពុជា បញ្ជូន​ប្រតិភូ​កីឡា ចូលរួម​សរុប ១១៦ នាក់​។ ក្នុងនោះ មាន​អត្ត​ព​លិ​ក ១១៥ នាក់ និង​ប្រតិភូ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ៣៩ នាក់ មន្ត្រី​បច្ចេកទេស​ចំនួន ៧ នាក់ និង​ប្រតិភូ​ជាតិ​ចំនួន ៥​នាក់​។

​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា ចំនួន ១១ កីឡា រួមមានៈ វាយ​កូនឃ្លី​លើ​តុ លើក​ទម្ងន់ អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​៧​ម្ខាង បាល់បោះ​ជិះរទេះ​បុរស​នារី បូ​ស្យា វាយ​សី និង​អុក​។ ក្រុម​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ហ្គេម​កម្ពុជា នឹង​ចេញដំណើរ ទៅ​ប្រកួត​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ជនពិការ ទាំងអស់ ដែល​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​ប្រទេស​ឥណ្ឌូណេស៊ី នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថាៈ ការដែល​សម្តេច ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នេះ គឺជា​ការរួមចំណែក​លើ​ក​ទឹកចិត្ត សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​ជនពិការ​ទាំងអស់​មិន​មែន​គ្រាន់តែ​ជា​ប្រធាន​សម្រាប់​ការប្រកួត​នោះទេ​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ថាៈ ការលើកទឹកចិត្ត ចំពោះ​ជន​មាន​ពិការភាព គឺជា​រឿង​ចាំបាច់​បំផុត​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបង្ហាញ​ការរំពឹង​ថា កីឡាករ កីឡាការិនី ជា​ជនពិការ​របស់ កម្ពុជា​ទាំងអស់ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងការ​ប្រកួត នៅ​ប្រទេស​ឥណ្ឌូណេស៊ី នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ ក៏បាន​អរគុណ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បន្ទាប់ពី​វៀតណាម សុំ​ពន្យារពេល​ដោយសារ​វិបត្តិ កូ​វីដ​-១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ចាត់ចែង​ផ្តល់​ជើងហោះហើរ​ពិសេស ដឹក​ប្រតិភូ កីឡា​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ទាំង​ទៅ​ទាំង​មក​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ទៅកាន់​កីឡាករ កីឡាការិនី ទាំងអស់​ថាៈ ការទទួលបាន​មេដាយមាស មេដាយប្រាក់ ឬ មេដាយ​សំរឹទ្ធ ឬ​មិនបាន​ក្តី គឺ​មិន​សំខាន់​នោះទេ តែ​អ្វីដែល​សំខាន់​នោះ គឺ​ការគោរព​ល័ក្ខខ័ណ្ឌ នៃ​ការគោរព​ច្បាប់​នៃ ការប្រកួត ជាពិសេស​ហាម​ដាច់ខាត ការប្រើប្រាស់​សារធាតុ​ញៀន​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់ ដល់​កិត្តិយស​ទាំងមូល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ បងប្អូន​ជនពិការ​យើង នៅទីនេះ ក៏មាន​អ្នកខ្លះ ពិការ​ដោយសារ​គ្រាប់មីន និង​គ្រាប់​ផ្ទុះ​ផ្សេងៗ​ផងដែរ​។ សម្តេច​តេ​ជោ បាន​បន្តថាៈ គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បានក្លាយ​ទៅជា​ឧបសគ្គ ក្នុងការ​សម្រេច នយោបាយ ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​សង្គ្រាម ទៅជា​តំបន់​អភិវឌ្ឍន៍​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ឱ្យ​បង្ហាញ​លេខ​គណនី មូលនិធិ​បោសសំអាត​មីន ជា​សាធារណៈ ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ បាន​ចូលរួម​ក្នុង​សកម្មភាព​បោសសំអាត​មីន​នេះ​
​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច និង​ប្រកាស​ជា​ផ្លូវការ​ថា អ្នកប្រើប្រាស់​រថយន្ត ចង្កូត​ស្តាំ​ទាំងអស់ នៅ​កម្ពុជា ត្រូវ​ចូលទៅ​បង់ពន្ធ តែ​មិនបាច់​ដូរ​ចង្កូត​នោះទេ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ក៏បាន​មានប្រសាសន៍ថាៈ ការអនុញ្ញាត​នេះ គឺ​សម្រាប់តែ​រថយន្ត ដែល​កំពុងមាន​វត្តមាន នៅ​ទឹកដី​កម្ពុជា ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ តែប៉ុណ្ណោះ តែ​រថយន្ត​ដែល​នាំចូល​ថ្មី មិនឱ្យ​បង់ពន្ធ មិនឱ្យ​ដូរ​ចង្កូត​នោះទេ គឺ​ត្រូវ​ចាប់យក​តែម្តង​។ ការដាក់ចេញ​នូវ​បទបញ្ជា​នេះ គឺ​ក្នុង​គោលបំណង បញ្ឈប់​មិនឱ្យ មានការ​នាំចូល​រថយន្ត ចង្កូត​ស្តាំ តទៅទៀត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ​១៩ នៅ​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ពេលនេះ​កូ​វីដ​ចាប់ផ្តើម​ផ្ទុះ​ឡើងវិញ​ហើយ​។ រលក​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ​នេះ គឺ​ត្រូវ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ការពារ​ឡើងវិញ កុំឱ្យ​មានការ​ផ្ទុះ​រាលដាល​ខ្លាំង​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថាៈ រហូតមកដល់​ពេលនេះ យើង​មិនមាន​ភាពចាំបាច់​ណាមួយ ត្រូវ​បិទ​ក្រុង បិទ​សាលារៀន បិទ​រោងចក្រ ដូច​កាលពីមុន​
​ទៀត​នោះទេ ព្រោះ​យើង​មាន​វ៉ាក់សាំង ជា​បង្អែក​ដ៏​រឹងមាំ ដូច្នេះ​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ការពារ​ពី​ជំងឺ​នេះ​ទាំងអស់គ្នា​។

​សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ទាំងអស់ ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបាន​ជ័យជំនះ​បន្ថែមទៀត​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​
​ឧបត្ថម្ភ​លើកទឹកចិត្ត ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ចំនួន ១៦៥ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ៥០០ ដុល្លារ​អាមេរិក ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រកួត នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅពេល​ខាងមុខនេះ​។

​សម្តេច​តេ​ជោ ក៏បាន​ជូនពរ​កីឡាករ កីឡា​រិ​នី​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត ព្រមទាំង​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕/V​