ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការថែទាំសុខភាពមាតា និងទារក និងដោយមានការចូលរួមពីលោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ហ្វីលីប អេរីតឃីតឈឺ នាយកប្រតិបត្តិមូលនិធិ ទឹកស្អាត និងថែទាំសុខភាព ព្រមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២២ រៀបចំឡើង ដោយមន្ទីរសុខាភិបាលខេត្ត និងមូលនិធិទឹកស្អាត និងគាំពារសុខភាព ។
ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាៈ ការបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ នៅពេលនេះ គឺជាស្នូលនៃ ភាពពង្រឹងសមត្ថភាព ធនធានមនុស្ស ក្នុងការថែទាំសុខភាពមាតានិងទារក គឺជាការប្រសើរ ដែលយើងបានគិតគូរ ដល់អ្នកផ្តល់សេវា សក្តិសមជាអ្នកផ្តល់សេវា ប្រកបដោយគុណភាព ជាពិសេសមន្ត្រីឆ្មប ។
អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តថាៈ ជាការពិតណាស់ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយផ្តោតលើការយកចិត្តទុកដាក់ លើការលើកកម្ពស់ សេវាសុខភាព សាធារណៈ និងអាហារូបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ។
ក្នុងឱកាសនោះដែរ អភិបាលរងខេត្ត បានថ្លែងអំណរគុណ ចំពោះសប្បុរសជន នៃប្រជាជន សឹង្ហបូរី តាមរយៈលោក ហ្វីលីប ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់វគ្គបណ្តុះបណ្តាលនេះ។
នៅចុងបញ្ចប់ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានណែនាំដល់សិក្ខាកាម ដែលជាមន្ត្រីឆ្មប ត្រូវក្រេបយកចំណេះដឹងបន្ថែម ព្រមទាំងបន្តខិតខំយកចិត្តទុកដាក់ ថែទាំសុខភាពមាតា និងទារក ដើម្បីជាធនធានមនុស្ស ប្រកបជំនាញ បទពិសោធន៍ និងគុណធម៌ ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាជូនអតិថិជន ដោយការគោរព ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូពេទ្យ ដែលចូលរួមក្នុងវគ្គ បណ្ដុះបណ្ដាល ថ្ងៃនេះ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងយកចំណេះដឹងទាំងនេះ ទៅអនុវត្តផ្តល់សេវា ប្រកបដោយសុវត្ថិភាព៕/V