ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA បានដាក់​ឲ្យ​ប្រើប្រាស់ កម្មវិធី Think! Think! របស់​ជប៉ុន ដែលជា​កម្មវិធីសិក្សា ប្រភេទ STEM ជូន​ដល់​សាលាបឋមសិក្សា​វត្ត​បូព៌ ស្ថិតក្នុង​ក្រុង​សៀមរាប ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ការគិត ភាព​ច្នៃប្រឌិត និង​បំ​ណិ​ន​ទន់ របស់​សិស្សានុសិស្ស ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បំ​ណិ​ន​សតវត្ស​ន៍ទី​២១ ។​

​បើតាម​ប្រសាសន៍​របស់លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេល​កន្លងទៅ គូសបញ្ជាក់ថា ក្រសួង​អប់រំ កំពុង​អនុវត្ដ​ន៍​កម្មវិធីសិក្សា អំ​ណាន​ដំបូង និង​គណិត​ដំបូង ដូច្នេះ​បើ​ចង់ឱ្យ​ការសិក្សា របស់​កុមារ មាន​មូលដ្ឋានគ្រឹះ​រឹងមាំ គឺ​ត្រូវ​ផ្តោតលើ​ការអប់រំ​កុមារ​តូច ថ្នាក់​ទី​១ និង​ទី​២ ឡើងទៅ ដើម្បី​អាចឱ្យ​សិស្ស ចាប់អារម្មណ៍​រៀន​មុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា នៅ​កម្រិត​មធ្យមសិក្សា និង​ឧត្ដមសិក្សា ដែល​យើង​ហៅ​កាត់​ថា STEM ។​

​បើតាម​ការលើកឡើងរ​បស់​លោកស្រី Shiori Tokugawa ជា​អ្នកគ្រប់គ្រង​ផ្នែក វិស័យ​អប់រំ របស់​អង្គការ JICA បង្ហាញថាៈ Think! Think! គឺជា​កម្មវិធី STEM ឈានមុខ​គេ ពី​ប្រទេស​ជប៉ុន ដែល​បានទទួល​ពានរង្វាន់ ផ្នែក​បច្ចេកវិទ្យា​អប់រំ (Edtech) ល្អ​បំផុត របស់​ប្រទេស​ជប៉ុន និង​ពានរង្វាន់ Google លើ​កម្មវិធី​ល្អ​បំផុត សម្រាប់​កុមារ​។
​លោកស្រី បាន​បន្ដថាៈ ពួកយើង​រីករាយ ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​កម្មវិធី​នេះ នៅ​សាលាបឋមសិក្សា​វត្ត​បូព៌ ហើយ​លោកស្រី​សង្ឃឹមថា កម្មវិធី​នេះ នឹង​អាចជួយ​សិស្ស ឱ្យទទួល​បានការ​អប់រំ កាន់តែ​ប្រសើរឡើង​។ សាលាបឋមសិក្សា​វត្ដ​បូព៌​នេះ គឺជា​សាលា​គោលដៅ​មួយ ក្នុងចំណោម​សាលា​គោលដៅ ចំនួន​៩ ក្នុង ៦ ខេត្ត ដែលជា​កម្មវិធី​កំពុងដំណើរការ ក្នុង​ភាពជា​ដៃគូ​សាធារណៈ​ឯកជន​ជាមួយ JICA និង ក្រុមហ៊ុន Wonder Lab Co., Ltd.​។​

​លោក សុខ ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​កោតសរសើរ ពី​កម្មវិធីសិក្សា Think! Think! នេះ​ផងដែរ ដោយ​លោក​បាន​លើក ឡើង​ថា Think!Think! គឺជា​កម្មវិធី​អប់រំ ដ៏​ប្រសើរ​មួយ ដែល​ជួយ​ដល់​ការអភិវឌ្ឍ នូវ​ជំនាញ​នៃ​ការគិត​បែប​ស៊ីជម្រៅ និង​ជំនាញ​ទន់​ផងដែរ វា​អាចជួយ​ឲ្យ​សិស្សានុសិស្ស បាន​រៀន​នូវ​ជំនាញ​ថ្មីៗ ដែលជា​តម្រូវ​ការចាំបាច់​នាពេល​អនាគត​។ ហើយ​បន្ទាប់​ពីនេះ លោក​ក៏​រំពឹង​ផងដែរ​ថា កម្មវិធីសិក្សា​របស់​ប្រទេស​ជប៉ុន​នេះ អាច​នឹងធ្វើ​ការពង្រីក​នូវ វិសាលភាព​របស់ខ្លួន ឲ្យ​ក្លាយទៅជា​កម្មវិធីសិក្សា​ថ្នាក់ជាតិ សម្រាប់​ជំហាន​បន្ទាប់​។​

​គួររំលឹកថា កម្មវិធី Think!Think! បាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ឆ្នាំ​២០២០ អំឡុង​ពេលដែល​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ជួយ​ដល់​កុមារ ទទួល​ភាព​រីករាយ ជាមួយ​កម្មវិធីសិក្សា​នេះ ដោយ​ខ្លួនឯង និង​ជាមួយ​សមាជិកគ្រួសារ នៅតាម​ផ្ទះ​៕/V​