ដោយៈ មុនី រ័ត្ន​/​ភ្នំពេញៈ លោក​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​ទ្រទ្រង់​ដំណើរការ​កាត់សេចក្តីរ​បស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​.) ឬ​ហៅ​កាត់​ថា​សាលាក្តី​ខ្មែរក្រហម បាន​ជួបពិភាក្សា​ការងារ​ជាមួយ បណ្តា​ប្រទេស​ផ្តល់ជំនួយ​សំខាន់ៗ ប្រមាណ​១០​ប្រទេស កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

​សមាសភាព​នៃ​គណៈប្រតិភូ រួមមានៈ អូស្ត្រាលី សហភាព​អឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និង​តំណាង​ទូត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ នៅក្នុង​គណៈប្រតិភូ​នេះ គឺមាន​លោកស្រី អា​ឡិច​ហ្សា​ន់​ដ្រា ហុត​ជី​សុន (Alexandra Hutchison) តំណាង​ប្រទេស​អូស្ត្រាលី ជា​ប្រធាន​ប្រតិភូ តំណាង​ប្រទេស​ផ្តល់ជំនួយ​និង​ជា​អ្នកធ្វើ​របាយការណ៍​ទៅ​បណ្តា​ប្រទេស​ផ្តល់ជំនួយ​ទៅ​ទីក្រុង​ញូវយ៉ក​។ ដោយឡែក​លោកស្រី ហាន​ណា ដ្រេ​ហ្វី​ត (Hanna Dreifeldt) គឺជា​មន្ត្រី​ច្បាប់​ជាន់ខ្ពស់​របស់​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​ច្បាប់​របស់ អ​.​ស​.​ប ក៏បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​លោក​បណ្ឌិត ប៊ិន ឈិន បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ អ​.​វ​.​ត​.​ក​. បាន​ដំណើរការ​កាត់សេចក្តី​ប្រកបដោយ​ជោគជ័យ និង​ជិត​បិទ​បញ្ចប់​ដំណើរការ​កាត់សេចក្តី​ហើយ គឺ​គ្រោង​នឹង​បញ្ចប់​សំណុំរឿង​ចុងក្រោយ​របស់ខ្លួន​នៅ ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២២​នេះ​។ ជំនួសមុខ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​ផ្តល់ជំនួយ​ទាំងអស់​ដែល​បានរួម​ចំណែក​ផ្តល់​ថវិកា​ដល់ អ​.​វ​.​ត​.​ក​. ដែល​សម្រេចបាន​សមិទ្ធ​ផល​ការងារ​ប្រកបដោយ​ជោគជ័យ ហើយ​ដែល​ជោគជ័យ​នេះ គឺជា​ជោគជ័យ​រួម​ទាំងអស់គ្នា ទាំង​រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដែល​កន្លងមក​បានរួម​សហការគ្នា​បាន​យ៉ាង​ល្អ ហើយ​ដែល អ​.​វ​.​ត​.​ក​. អាច​ក្លាយជា​គំរូ​តុលាការ​មួយ​សម្រាប់​ការវិនិច្ឆ័យ​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ធ្ងន់ៗ និង​ការសម្លាប់​រង្គាល​នាពេល​អនាគត​លើ​ឆាក​អន្តរជាតិ និង​ជាពិសេស​នៅ​ថ្នាក់​តំបន់​។​

​លោក​បណ្ឌិត ប៊ិន ឈិន បាន​មានប្រសាសន៍​បន្ថែមថា អ​.​វ​.​ត​.​ក​. នៅមាន​ការងារ​សំខាន់ៗ​ចំនួន​ពីរ​ទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​បន្ថែម​ជាមួយ​អង្គការសហប្រជាជាតិ សម្រាប់​អនុញ្ញាតឱ្យ អ​.​វ​.​ត​.​ក​. អនុវត្ត​បន្ត​នូវ​មុខងារ​ដែល​នៅ​សេសសល់ រួមមាន​៖ ទី​១) ការគ្រប់គ្រង​បណ្ណសារ​នៃ​សំណុំរឿង​កាត់សេចក្តី​របស់​អ​.​វ​.​ត​.​ក​. គឺ​ត្រូវ​រក្សា​ទុកឱ្យ​អនុលោម​ទៅតាម​ស្តង់ដារ​អន្តរជាតិ និង​អនុញ្ញាតឱ្យ​សាធារណជន​អាច​ចូល​ពិនិត្យមើល​និង​សិក្សា​បាន​យ៉ាង​ទូលំទូលាយ និង​ទី​២) ការងារ​អប់រំ​និង​ផ្សព្វផ្សាយ​ស្តីពី​សមិទ្ធផល​របស់​អ​.​វ​.​ត​.​ក​. គឺមាន​សារៈសំខាន់​ដែល​គប្បី​ជំរុញ​អនុវត្ត​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន និង​អ្នកស្រាវជ្រាវ​ជាតិ​-​អន្តរជាតិ ព្រមទាំង​លើកកម្ពស់​ការងារ​កេរដំណែល​របស់​អ​.​វ​.​ត​.​ក​.​ឱ្យ​កាន់​តែមាន​លក្ខណៈ​រឹងមាំ ដើម្បី​បន្ត​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ ក្នុង​គោលដៅ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ក៏ដូចជា​នៅលើ​សកលលោក​។​

​លោក​បណ្ឌិត ប៊ិន ឈិន បាន​ប្រាប់​ទៅ​តំណាង​ប្រទេស​ផ្តល់ជំនួយ​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​ថវិកា​ដល់ អ​.​វ​.​ត​.​ក​. នៅ​អំឡុងពេល​អនុវត្ត​មុខងារ​សេសសល់​និង​ក៏បាន​សំណូមពរ​ស្នើសុំ​ឱ្យ​ប្រទេស​ផ្តល់ជំនួយ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​អ​.​វ​.​ត​.​ក​.​ជា​បន្តទៀត ដោយ លោក​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​សង្កាត់​ធ្ងន់​ថា ការចូលរួម​បន្ត​កិច្ចសហការ​របស់​សហ​គម​ន៍​អន្តរជាតិ​ក្នុង​ការបន្ត​ផ្តល់​ថវិកា គឺ​ដើម្បីឱ្យ អ​.​វ​.​ត​.​ក​. ដំណើរការ​ទៅដោយ​រលូន ជោគជ័យ និង​ប្រកបដោយ​កិត្តិយស​។​

​ជាការ​ឆ្លើយតប​ទាំង​លោកស្រី អា​ឡិច​ហ្សា​ន់​ដ្រា ហុត​ជី​សុន តំណាង​ប្រទេស​ផ្តល់ជំនួយ​សម្រាប់​សម្រប​សម្រួល​ដឹកនាំ​កិច្ចប្រជុំ និង​លោកស្រី ហាន​ណា ដ្រេ​ហ្វី​ត មន្ត្រី​ច្បាប់​ជាន់ខ្ពស់​របស់​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​ច្បាប់​របស់ អ​.​ស​.​ប​. បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់ អ​.​វ​.​ត​.​ក​. ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​ចូលរួម​យ៉ាង​មោះមុត និង​បាន​បញ្ជាក់ថា​ជោគជ័យ​ដែល​សម្រេចបាន​របស់ អ​.​វ​.​ត​.​ក​. គឺ​ពិតជា​កើតចេញពី​ការជឿទុកចិត្ត​គ្នា និង​ការរួម​សហការគ្នា​បានល្អ​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​កាត់សេចក្តី​។
​ដោយសារតែ​ជំនឿ​ទុកចិត្ត​នេះហើយ លោកស្រី អា​ឡិច​ហ្សា​ន់​ដ្រា ហុត​ជី​សុន បានបញ្ជាក់​នូវ​គោលជំហរ​យ៉ាងច្បាស់​លាស់​ថា បណ្តា​ប្រទេស​ផ្តល់ជំនួយ​ប្តេជ្ញា​បន្ត​គាំទ្រ​កិច្ចសហការ​ក្នុង​ដំណើរការ​របស់​តុលាការ​ដែល​នៅ​សេសសល់​នេះ ទាំង​ការគ្រប់គ្រង​ប​ណ្ណា​សារ ការផ្សព្វផ្សាយ រួមទាំង​ការរក្សា​កេរដំណែល​របស់​តុលាការ ធ្វើយ៉ាងណា​ឱ្យ អ​.​វ​.​ត​.​ក​. សម្រេចបាន​ជោគជ័យ ដោយ​ការបិទ​បញ្ចប់​កិច្ចការ​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០២២​នេះ ប្រកបដោយ​កិត្តិយស​។​

​លោក​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​គូសបញ្ជាក់​ផងដែរ​ថា ការផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​គឺ​មិនមែន​ជាការ​សងសឹក ប៉ុន្តែ​គឺជា​ការផ្តល់​ទំនុកចិត្ត​ដល់​តុលាការ​កាត់សេចក្តី និង​បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ដល់​ក្រុម​កា​ងារ​នៃ​បណ្តា​ប្រទេស​ផ្តល់ជំនួយ​ដែល​បាន​ជួបពិភាក្សា​ការងារ ព្រមទាំង​បាន​ប្តេជ្ញា​បន្ត​គាំទ្រ​ការងារ​ដែល​នៅ​សេសសល់​របស់ អ​.​វ​.​ត​.​ក​.​ឱ្យ​បន្ត​ដំណើរការ​ដើម្បី​ឈានដល់​ការបិទ​បញ្ចប់​ក្នុង​ពេលអនាគត​ខាងមុខ ដែល​សមិទ្ធផល​ទាំងអស់​កើតចេញពី​កិច្ចសហការ​រួមគ្នា​នេះ ធ្វើឱ្យ​អ​.​វ​.​ត​.​ក​.​សម្រេចបាន​ជោគជ័យ​ដ៏​ធំធេង មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​៕​