​ដោយៈ សុផល / ភ្នំពេញ​: គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ បាន​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១.៨៣១.៣៧៤ គ្រឿង ក្នុងនោះ រថយន្ត​ដឹក​មិន​លើស ទម្ងន់​មាន​ចំនួន ១.២៣០.០១០ គ្រឿង រថយន្ត​ដឹក​លើស​ទម្ងន់ ក្នុង​កម្រិត​អនុគ្រោះ មាន​ចំនួន ៥៩៩.៧២១ គ្រឿង រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ត្រូវបាន​ផាកពិន័យ មាន​ចំនួន ១.៦៤៣ គ្រឿង ពិន័យ​ទឹកប្រាក់​សរុប​ប្រមាណ ២,៨ ពាន់​លាន​រៀល​។​

​ក្នុងចំណោម​រថយន្ត ១.៦៤៣ គ្រឿង ដែល​បាន​ផាកពិន័យ មាន​រថយន្ត​ចំនួន ២២០ គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវ​ផាកពិន័យ និង​ឃាត់ទុក រយៈពេល​មួយឆ្នាំ ដោយយោង​តាមច្បាប់​ផ្លូវថ្នល់ មាត្រា ៦០​។ ការដឹក​លើស ទម្ងន់​កម្រិត​កំណត់ ជា​កត្តា​ចម្បង ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច មុន​អាយុកាល និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​អ្នកធ្វើដំណើរ​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ទទូច​សុំឱ្យ​អ្នកប្រើប្រាស់​ផ្លូវ និង​ក្រុមហ៊ុន​ដឹកទំនិញ គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ កុំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ កម្រិត​កំណត់ ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​ឆាប់ រេច​រិល​មុន​អាយុកាល មាន​ជង្ហុក​សម្បុកមាន់ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចំណាយ​ថវិកា​ច្រើន​ក្នុង​ការជួសជុល និង​ថែទាំ​ផ្លូវ​។

​ជា​យន្តការ​ទប់ស្កាត់​ការងារ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ទាំង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ និង​មន្ត្រី​អនុវត្ត បាន​ខិតខំ​ប្រឹងប្រែង​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​រឹតបន្តឹង​ការដឹកជញ្ជូន ឱ្យស្រប​តាមច្បាប់​កំណត់ និង​អនុវត្ត​យន្តការ​ចល័ត ដើម្បី​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះដែរ គ្រប់​ក្រុមការងារ​ពាក់ព័ន្ធ បានធ្វើការ​ផ្សព្វផ្សាយ អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត ធុន​ធ្ងន់​ទាំងអស់ ជាពិសេស​ចុះ​អប់រំ ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ថ្មី និង​ការដ្ឋាន​ដឹក​ដី ឱ្យចូល​រួម​គោរព តាម​បទដ្ឋាន​បច្ចេកទេស ស្ដីពី​ការដឹកជញ្ជូន ដើម្បី​បញ្ចៀស ឱ្យបាន​នូវ​ការដឹក​លើស​ទម្ងន់ កម្រិត​កំណត់​ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូច កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ និង​ថែរក្សា​សោភ័ណភាព​ទីក្រុង ជាពិសេស ដើម្បី​អប់រំ​អំពី​ចំណេះដឹង​ជុំវិញ ច្បាប់​ចរាចរណ៍ និង​ផ្តោតលើ​ការផាកពិន័យ និង​ការឃាត់ទុក យានយន្ត​ដឹកជញ្ជូន ដែល​អនុលោម​តាមច្បាប់​ផ្លូវថ្នល់ មាត្រា​៦០​។ ក្រុមការងារ ក៏​ជំ​រុញឱ្យ​ម្ចាស់​ដេប៉ូ​ទាំងឡាយ ជួយ​ផ្សព្វផ្សាយ​បន្ត ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​យល់ច្បាស់ និង​គោរព​តាម ច្បាប់ ដែល​បានចែង ចៀសវាង​ការយល់ច្រឡំ និង​ទាមទារ​សុំ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​។​

​ក្រៅពី​យន្តការ​ផ្សព្វផ្សាយ និង​អប់រំ​លើ​ការងារ​គ្រប់គ្រង តាមដាន​សកម្មភាពរ​បស់ មន្ត្រី​អនុវត្ត​ការងារ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ ក៏បាន​បំពាក់​កាមេរ៉ា​បញ្ជូន រូបភាព (CCTV Camera) តាម​ស្ថានីយ​ជញ្ជីង​អចល័ត​នានា និង​បានធ្វើការ​ផ្លាស់ប្តូរ មន្ត្រី​នៅតាម​ស្ថានីយ​មួយចំនួន ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង ក្នុងការ​អនុវត្ត​ការងារ​។

​ទាក់ទង​នឹង​ការងារ​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ច្បាប់ ក្រុមការងារ​ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ បាន និង​កំពុង​អនុវត្ត ទាំងយប់ ទាំង​ថ្ងៃ ដូច​ភ្លៀងរលឹម ដើម្បី​ទប់ស្កាត់​បទល្មើស​ដឹក​លើ​ស​ទម្ងន់ កម្រិត​កំណត់ ដែលជា​កត្តា​នាំឱ្យ​ផ្លូវ ឆាប់​ខូច​មុន​អាយុកាល និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ផងដែរ​។​

​ក្នុងទិសដៅ​បន្ទាប់ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នឹងសិក្សា​លទ្ធភាព​សាងសង់ ស្ថានីយ​ជញ្ជីង បន្ថែមទៀត នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ព្រមទាំង​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ការដឹក​លើស​ទម្ងន់ កម្រិត​កំណត់ដោយ​ច្បាប់ ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ភ្ជាប់​ទិន្នន័យ​ពី​គ្រប់​ស្ថានីយ ជញ្ជីង មក​ទីស្តីការក្រសួង​។​

​ជាថ្មី​ម្តងទៀត ក្រសួង ក៏​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ចូលរួម​គោរព​តាម​អនុសាសន៍ ប្រកបដោយ​អត្ថន័យ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី “​ការប្រកបមុខរបរ​ទទួលទាន ក៏ដូចជា​ការបំពេញ​ការងា​រ​តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ គឺជា​ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គមជាតិ ដែល​កំពុងមាន​សុខសន្តិភាព និង​ការរីកចម្រើន អរគុណ​សន្តិភាព​” និង​ចូលរួម​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្ត តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ថែរក្សា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ឱ្យ​ជាប់​គង់វង្ស តាម​អាយុ​កាលកំណត់​៕/V​