​ដោយៈ សុផល / ភ្នំពេញ​៖ កម្មវិធី​អភិវឌ្ឍន៍​ឧស្សាហកម្ម នៃ​អង្គការសហប្រជាជាតិ (UNIDO) បានផ្តល់​ថវិកា​ប្រមាណ ៥០ ម៉ឺន​ដុល្លារ ទៅដល់​សហគ្រាស​ជលផល ចំនួន ១៧ ។ កញ្ចប់​ថវិកា​នេះ គាំទ្រ​ផ្នែក​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស ដើម្បី​ដំណើរការ ផលិត​កម្មផល​ជលផល ក្រោយពេល​ប្រមូល​ផល និង​ស្របតាម​គោលការណ៍​សុវត្ថិភាព ចំណីអាហារ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ចប់​ថវិកា ខាងលើនេះ នឹង​គាំទ្រ​ផ្នែក​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស ដើម្បី​ដំណើរការ​ផលិតកម្ម ផល​ជលផល ក្រោយពេល​ប្រមូល​ផល និង​អនុលោម​តាម​គោលការណ៍​សុវត្ថិភាព ចំណីអាហារ ។​

​ក្នុង​ពិធី​ប្រគល់​កញ្ចប់​វិនិយោគ​កម្មវិធី VCIS ដល់​សហគ្រាស​ជលផល ក្រោយ​ប្រមូល​ផល នា​ថ្ងៃទី​៥ កក្កដា លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ថាៈ « ក្រោម​ជំនួយ​បច្ចេកទេស​ពី UNIDO រដ្ឋបាល​ជលផល បាននិងកំពុង​រៀបចំ​ប្រព័ន្ធ ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ផលិតផល ដែលមាន​ឈ្មោះថា និមិត្តសញ្ញា​គុណភាព​កម្ពុជា (CQS) »​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ សហគ្រាស​ឯកជន បាននិងកំពុង​ដើរតួនាទី យ៉ាងសំខាន់ ក្នុង​ការផលិត និង​កែច្នៃ​ទំនិញ​បរិភោគ បង្កើន​ការនាំចេញ ប្រាក់ចំណូល បង្កើត​ការងារ​។ ជាពិសេស ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដែលជា​ផលិតផល​ស្រស់ និង​កែច្នៃ ដើម្បី​បង្កើន​តម្លៃបន្ថែម​។

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹមថាៈ សហគ្រាស​ទាំង ១៧ នឹងចូលរួម​អនុវត្ត​ត្រឹមត្រូវ ទាក់ទង​បច្ចេកទេស​កែច្នៃ​ជលផល រួមទាំង​លើកកម្ពស់​គុណភាព សុវត្ថិភាព ផលិតផល និង​ប្រសិទ្ធភាព​ការងារ​។ ជាពិសេស ធ្វើឱ្យ​ប្រសើរឡើង​នូវ ប្រព័ន្ធ​សុវត្ថិភាព ចំណីអាហារ ដើម្បី​ឈានទៅ​ប្រកួតប្រជែង និង​ឆ្លើយតបបាន​តាម​ស្តង់ដា ទីផ្សារ​នាំចេញ​៕/V​