ដោយ: ពៅនិមល /ភ្នំពេញ៖ ក្នុងឱកាសចូលរួមវេទិកា “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី” លើកទី៦ នៅប្រទេសម៉ាឡេស៊ី។

មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន ដែលមានវត្តមាន ក្នុងវេទិកានេះ ស្វែងយល់បន្ថែម ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ព្រមទាំងសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគ នៅកម្ពុជាផងដែរ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើង លើផេកផ្លូវការរបស់ខ្លួនថា: តបតាមការអញ្ជើញរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សា The European House-Ambrosetti នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីកិច្ចសន្ទនានេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

វេទិកាកិច្ចនេះដែរ មានការអញ្ជើញចូលរួមពីលោក YB Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីខុទ្ទកាល័យ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទទួលបន្ទុកសេដ្ឋកិច្ច, លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី, លោក Lorenzo Tavzzi ដៃគូ និងជាអ្នកទទួលបន្ទុកកិច្ចអភិវឌ្ឍអន្តរជាតិរបស់ក្រុមហ៊ុន The European House-Ambrosetti, លោក Michelangelo Pipan អនុប្រធានសមាគមអាស៊ាន-អ៊ីតាលី, អ្នកតំណាងក្រុមហ៊ុនអ៊ីតាលី និងក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន ដែលមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ៣០០នាក់។

នាឱកាសនោះ លោក សុខ ចិន្តាសោភា បានថ្លែងសុន្ទរកថា យល់ឃើញរួមពីការចាប់យកកាលានុវត្តភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសអ៊ីតាលី និងអាស៊ាន ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសក្នុងពិភពលោក កំពុងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ បន្ទាប់ពីការរាតត្បាត នៃជំងឺកូវីដ-១៩ មានភាពធូរស្រាល។

លោកបានលើកឡើងបន្តថា: បន្ទាប់ពីមានការចាប់កំណើត នៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ច នាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរ បើធៀបនឹងអំឡុងពេលមុន។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ បានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការដាក់ចេញ នូវគោលនយោបាយ សំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយជំងឺកូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី។

លោកក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន ដែលមានវត្តមានក្នុងវេទិកានេះ ស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជាព្រមទាំងសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាន ចាប់ពីដើម ឆ្នាំ២០២២ នេះ។

ប្រភព CDC បានឲ្យដឹងទៀតថា: ក្នុងឱកាសនោះ ភាគីម៉ាឡេស៊ី បានលើកឡើង នូវការអបអរសារទរ ចំពោះការទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការទទួលបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៣% របស់កម្ពុជា នាឆ្នាំ២០២១ នៅពេលដែលប្រទេសជាច្រើនក្នុងតំបន់ និងក្នុងពិភពលោក មានកំណើនសេដ្ឋកិច្ចអវិជ្ជមាន។

សូមជម្រាបថា “កម្មវិធីកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន និងអ៊ីតាលី ” បានរៀបចំជាលើកដំបូង នៅឆ្នាំ២០១៧ នៅប្រទេសឥណ្ឌូណេស៊ី លើកទី២ នៅប្រទេសសិង្ហបុរី (ឆ្នាំ២០១៨) លើកទី៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម (ឆ្នាំ២០១៩) និងធ្វើឡើងតាមប្រព័ន្ធវីដេអូ សម្រាប់ឆ្នាំ២០២០ និង ២០២១ និងលើកទី៦នេះ នៅទីក្រុងគូឡាឡាំពួ ដែលបានប្រមូលផ្តុំប្រធាន, នាយកប្រតិបត្តិ និងអ្នកដឹកនាំស្ថាប័នផ្សេងៗ ទាំងនៅបណ្តាប្រទេសអាស៊ាន និងប្រទេសអ៊ីតាលី ប្រមាណជាង ២.៥០០ នាក់៕/V