ដោយ:បាយ័ន / សៀមរាប: រដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប បានដាំកូនឈើទាល ចំនួន ២.៣០០ ដើម លើផ្ទៃដី ២ ហិកតា ក្នុងឱកាសប្រារព្ធរុក្ខទិវា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២២ នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដោយមានអ្នកចូលរួម ប្រមាណជាង ៤០០ នាក់ ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា: ចាប់តាំងពីការពង្រឹងការយាមល្បាត និងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ តាមបណ្តាសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើ តាមក្រុង ស្រុក ព្រមទាំងដាក់គោលដៅទាំង ១២ ក្រុង ស្រុក ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ បង្រ្កាបបទល្មើសព្រៃឈើបាន ១៦ ករណី , ពិន័យអន្តរការណ៍ ៨ករណី , បញ្ជូនទៅតុលាការ ៨ករណី ។ ក្នុងនោះ វត្ថុតាងចាប់ឃាត់ទុកមានចំនួន ៣៥.៧៣១ ម៉ែត្រគូប ធ្យូង ៣៩៦ ការ៉ុង ស្មើ ៧.៩២០ គីឡូក្រាម , រថយន្ត៤គ្រឿង , រណាយន្ត ១២គ្រឿង និងបញ្ជូនជនសង្ស័យ ៤នាក់ ទៅកាន់សាលាដំបូង។ ក្នុងនោះ សហគមន៍ព្រៃឈើ កើនឡើងបាន ៦២ សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ចំនួន ៣៤.៤០១ ហិកតា និងសហគមន័ព្រៃឈើ បានចុះកិច្ចព្រមព្រៀង បាន ៥៥ សហគមន៍ ដែលមានផ្ទៃដី ៣១.០៩៩ ហិកតា។

ថ្លែងនៅក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ( ៩កក្កដា ) លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា: បុណ្យរុក្ខទិវា នាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ។

ម៉្យាងទៀត ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស។

លោកក៏បានគូសបញ្ជាក់ថា: ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយវិចារណញ្ញាណ សមហេតុសម ផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា ។

ក្នុងឱកាសនោះដែរ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយ ដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តភាព នៃភពផែនដី ដើមី្បឲ្យមនុស្សបានរួចផុត ពីគ្រោះថ្នាក់ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនានាទៀតផង។ ព្រឹត្តិការណ៍រុក្ខទិវា នាថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្ត រាយ បាត់បង់ព្រៃឈើ និងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនា អនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់ នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យខេត្តសៀមរាបយើង រក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ ស្រស់បំព្រង ដោយរុក្ខជាតិពណ៌បៃតងឡើងវិញ៕/V