ដោយ: ភ្នំខៀវ / បាត់ដំបង: អគ្គិភ័យមួយ បានលេបត្របាក់ផ្ទះពលរដ្ឋជាង ១០ខ្នង នៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឋិតនៅក្រុមទី ៥ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែមិនទាន់ដឹងពីមូលហេតុ នៅឡើយ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវពីករណីនេះ។

នគរបាលក្រុងបាត់ដំបង បានរាយការណ៍ឲ្យដឹងថា: ដំបូងឡើយ គេបានឃើញផ្សែង និងអណ្តាតភ្លើងកួចខ្មួលខ្មាញ់ ចេញពី ផ្ទះលក់គ្រឿងសង្ហារឹម និងលក់ពូកដែលម្ចាស់ឈ្មោះ អៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ហើយក៏ឆេះយ៉ាងសន្ធោសន្ធៅ ខ្លាំងឡើងៗ រហូតរាលឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតខាងគ្នាថែមទៀត សរុបអស់ចំនួន ១២ ខ្នង ត្រឹមរយ:ពេលខ្លី។

ប្រភពដដែល បានឱ្យដឹងថា: គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្ស រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះទេ ចំណែកឯមូលហេតុពិតប្រាកដ នៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញ ក៏នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយដែរ ដោយកម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវ រីឯទំហំនៃការខូចខាតទ្រព្យសម្បត្តិ មិនទាន់ក្តាប់បាននៅឡើយ។

ប្រភពដដែល បានបន្តទៀតថា: គ្រោះថ្នាក់ដោយសារអគ្គិភ័យនេះ នគរបាលពន្លត់អគ្គិភ័យ បានអន្តរាគមន៍ចុះពន្លត់ ដោយ បានប្រើប្រាស់រថយន្ត ជិត ២០គ្រឿង ប៉ុន្តែដោយសារអំណាចភ្លើង បានឆេះលឿនពេក ទើបមិនអាចគ្រប់គ្រងបានទាន់ ពេលវេលា៕/V