ដោយ​: ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៨:៤៦​នាទី​យប់ ថ្ងៃ​ពុធ ទី​៦ ខែកក្កដា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ក្រុម​២ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ យ​ន ចិន ភេទ​ប្រុស ប្រុស​អាយុ ៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ​មើល​កូន ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង​ខាងក្រោយ​វត្ត​គោក​បញ្ជាន់ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។ ចំណែក​ភាគី ម្ខាង​ទៀត​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាក SUZUKI AXELO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១BI.៤១៧៥ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ឆ្វេង​ដៃ​ត្រឡប់ក្រោយ​វិញ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១JG.២១៣៦ ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច បុក​ពេញទំហឹង​បណ្ដាល​ឲ្យ បុរស​ដែល​ជិះ​ម៉ូតូ SUZUKI AXELO ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក ភាគី​ខាង​ម៉ូតូ​ឌ្រី​ម​សង់​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​២ គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ដោយឡែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ប្រពន្ធ និង​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​