ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ម្ចាស់​មេដាយមាស​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់ ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ថ្មី​នេះ កីឡាការិនី អ៊ុន ស្រី​យ៉ា បានបង្ហាញ​ឆន្ទៈ​ខ្ពស់​ថា នឹង​ទទួលបាន​លទ្ធផល ពី​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក ឆ្នាំ​២០២២ នៅ​រដ្ឋ Birmingham សហរដ្ឋអាមេរិក​។​

​កញ្ញា គិ​ន សំណាង អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា បានអោយដឹងថា សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក កម្ពុជា​បញ្ជូន​កីឡាការិនី​២​រូប គឺ​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា និង​ប្រតិភូ​៣​រូប ទៅ​ចូលរួម​ប្រកួត​លើ ២​វិញ្ញាសា គឺ​វិញ្ញាសា ២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា វា​យក​យក​ពិន្ទុ​។កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​ដោយសារ​សហព័ន្ធ​មាន​ផែនការ​ច្បាស់​លាស់​ក្នុងការ​សម្រិតសម្រាំងរ​ក​កីឡាការិនី​ដែលមាន​បទពិសោធន៍​និង​បច្ចេកទេស​ធ្លាប់​ឆ្លងកាត់​ការប្រកួត​កម្រិត​អន្តរជាតិ​ញឹកញាប់​។

​កីឡាការិនី អ៊ុន ស្រី​យ៉ា បាន​បញ្ជាក់ថា ការ​ចេញទៅ​លើក​នេះ គឺ​បាន​ត្រៀម​យ៉ាង​ល្អ ដោយ​ធ្វើការ​ហ្វឹកហាត់ និង​សម​ផ្នែក​ប​ច្ចេ​ទេស​ជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ ដើម្បី​សហការគ្នា​ជា​ក្រុម​អោយបាន​ល្អ​។ ស្រី​យ៉ា បន្តថា ការប្រកួត​មុនៗ គឺ​លេង​វិញ្ញាសា ៣​ទល់​៣ អារម្មណ៍​គឺ​៣ ពីព្រោះ​ត្រូវមាន​សិទ្ធិ​ខ្លាំង​ទាំង​៣​។ តែ​លើក​នេះ លេង​២​នាក់​មាន​អារម្មណ៍​ខ្លាំង​ជាង អាច​ជោគជ័យ​ច្រើនជាង ដោយសារ​៣​នាក់ ចម្រាញ់​យក​២​នាក់​ដែល​ខ្លាំង​ជាង​។​

​កីឡាការិនី រូបនេះ​បញ្ជាក់ទៀតថា ប្រទេស​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា មាន​ពី​៨ ទៅ ១០​ប្រទេស​ដូចជា​ថៃ បារាំង ដា​ណា​ម៉ាក ជាដើម ដែល​តែងតែ​ប្រកួត​ស្វិតស្វាញ​ជាមួយ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹ​ត្ត​ការណ៍​ធំៗ​ដូចជា ការប្រកួត​ស៊ី​ហ្គេម កម្រិត​អាស៊ី ជើងឯក​ពិភពលោក និង​ពិភពលោក​។​

​លោក សុខ ម៉ុង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្តល់​ពហុ​កីឡដ្ឋាន​អូឡាំពិក​វិញ ធ្វើអោយ​កីឡាករ កីឡាក​រិ​នី ជម្រើស​រើស​ជាតិ ទទួលបាន​ការហ្វឹកហាត់​ងាយស្រួល​សម្រាប់​វេលា និង​ទីលាន​គ្រប់គ្រាន់​។ លោកគ្រូ​បង្វឹក​រូបនេះ ស្នើ​ឲ្យ​កីឡាការិនី​ទាំង​២​នាក់ បង្កើន​សាមគ្គី​ជា​ក្រុម​អោយ​ល្អ ទើប​ទទួលបាន​ជ័យជំនះ​។​

​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក ឆ្នាំ​២០២២ ធ្វើ​នៅ​រដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៥ ខែកក្កដា​។ កម្ពុជា​បញ្ជូន​កីឡាការិនី និង​ប្រតិភូ សរុប​៥​នាក់ មាន​កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដឹកនាំ​ដោយ​កញ្ញា គិ​ន សំណាង អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ចូលរួម​ប្រកួត​លើ​២​វិញ្ញាសា គឺ​វិញ្ញាសា​វាយ​គូ ២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា​វាយយក​ពិន្ទុ​៕​