​ដោយ​: សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​: លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី នា​រសៀល​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ពាន​មានជ័យ អាណត្តិ​ទី​៥​។​

​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​បន្ដ​អនុវត្ដ​ការងារ​របស់​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណ​ត្ដិ​ទី​៥ នេះ​លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី ត្រូវយក​ចិ​ត្ដ​ទុកដាក់​លើ​វិស័យ​ជា​អាទិភាព​មួយចំនួន ដែលមាន​ផលប៉ះពាល់​ផ្ទាល់​មកលើ​តម្រូវការ​ជាក់ស្ដែង និង​ជាបន្ទាន់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាពិសេស គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ គ្រួសារ​យោធិន​ពលី​ពិកា ស្ដ្រី​មេ​មា​យ កុមារ យុវជន ជនជាតិដើម​ភាគតិច មានដូចជា សេវា​ទាក់ទង​នឹង​សុខភាព អប់រំ កសិកម្ម ការកែលម្អ​បរិស្ថាន និង​សេវា​សង្គម ផ្សេងៗ​ទៀត​។ ក្រៅពីនេះ ក៏ត្រូវ​ពិចារណា​ផងដែរ អំពី​តម្រូវការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្ដូងទឹក ស្រះ​ទឹក ជាដើម​។​ល​។

​ការផ្តល់សេវា​សាធារណៈ​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ គឺជា​តួនាទី និង​ការទទួលខុសត្រូវ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​តួនាទី និង​ការទទួលខុសត្រូវ​សំខាន់ៗ​នានា​របស់​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​នូវ​សំណើ សំណូមពរ និង​តម្រូវ​ការចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​។ ត្រូវយក​ចិ​ត្ដ​ទុកដាក់​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុ​ត្ដិ​នានា​របស់​រាជរដ្ឋាភិបាល បំពេញការងារ​ចំពោះមុខ ឱ្យបាន​ម៉ត់ចត់ រួមទាំង​ការធានាបាន​នូវ សាមគ្គីភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។​

​សូមបញ្ជាក់ថា សមាស​ភាពជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី អាណត្តិ​ទី​៥​នេះ រួមមាន​៖ ទី​១.​លោក គុជ ម៉េង​ធូ ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​, ទី​២. លោកស្រី ជឹម ចាន់ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​, ទី​៣. លោក សុខ សារឿន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​, ទី​៤. លោក ពេជ្រ ស៊ី​នឿន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​ទី​៥. កញ្ញា អ៊​ន គឹម​ហ៊​ន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​៕​