ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​៦ កក្កដា​ម្សិលមិញ​នេះ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Lixin Group ដើម្បី​សាងសង់​ទីលាន​បាញ់កាំភ្លើង ក្នុង​គោលបំណង​បម្រើ ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង​និង​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។

​ពិធី​ចុះ​អនុស្សរណៈ​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដែលមាន​វត្តមាន​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា និង​លោក KEVIN HSU នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​។

​លោក មៀ​ច សុផាន់​ណា បាន​ឲ្យ​ដឹងថា​: ដើម្បី​ធានាបាន​ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ប្រកបដោយ​គុណភាព និង​ស្តង់ដា​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខាងលើ សម្រាប់​ការសាងសង់​ទីលាន​បាញ់កាំភ្លើង​។

​លោក​ប្រធាន​សហព័ន្ធ បាន​បន្តថា​: ការសាងសង់​ទីលាន​ប្រកួត​បាញ់កាំភ្លើង គឺជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត ដើម្បី​អភិវឌ្ឍន៍​កីឡា​បាញ់កាំភ្លើង​កម្ពុជា ឲ្យ​រីកចម្រើន និង​ដើរ​ទាន់​បណ្តា​ប្រទេស​ផ្សេងៗ​។

​ទីលាន​បាញ់កាំភ្លើង​នេះ ក៏​នឹង​ក្លាយជា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មួយ ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ដែល​កំពុង​ត្រៀមខ្លួន​យ៉ាងសកម្ម ដើម្បី​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ដំបូង សម្រាប់​កម្ពុជា​។

​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាមួយគ្នានេះ នឹង​បង្កើត​អនាគត​ដ៏​ត្រចះត្រចង់​មួយ សម្រាប់​កីឡា​បាញ់កាំភ្លើង​នៅ​កម្ពុជា​។

​លោក KEVIN HSU នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lixin Group បាន​ឲ្យ​ដឹងថា​: ទីលាន​បាញ់កាំភ្លើង​នេះ មាន​ទីតាំង​របស់​ក្រុមហ៊ុន​លី​ស៊ីន​ថ្មី ក្នុង​ខេត្ត​ព្រះសីហនុ​។ ទីលាន​នេះ នឹង​បម្រើ​ដល់​ការប្រកួត និង​បណ្តុះបណ្តាល​ក្រុមកីឡា​បាញ់កាំភ្លើង​ជម្រើសជាតិ​កម្ពុជា​។ វា​ជាទី​លាន​ស្តង់ដា​មួយ ដែល​អាច​ប្រើប្រាស់​ផ្លូវការ សម្រាប់​ការប្រកួត​ទាំង​ជាតិ និង​អន្តរជាតិ ដូចជា​កីឡា​ស៊ី​ហ្គេម​ជាដើម​៕/V​