​ដោយ​: សុខុម / សឹ្ទ​ង​ត្រែង​: សាច់សត្វ​ព្រៃ​ដែល​គេ​បាញ់សម្លាប់​ជួញដូរ​ពី​ព្រៃ គឺ​នៅ​បន្ត​ដាក់លក់​ខាងកើត​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ហាក់​មិនមាន​ស្ថាប័ន​ពាក់ព័ន្ធ​ចុះបង្ក្រាប​ទេ​។ ការ​ដាក់លក់​សាច់សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដូច​ដាក់លក់​ត្រី នៅ​ផ្សារ​ស្ទឹងត្រែង កើតមាន​ជា​រៀងរាល់ថ្ងៃ មិន​ខ្លាច​សមត្ថកិច្ច​ទាល់តែសោះ​។

​កន្លងមក គេ​តែង​សង្កេតឃើញ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចុះបង្ក្រាប​ញឹកញាប់ ប៉ុន្តែ​ក្រោយពី​មន្ត្រី​អង្គការ​ត្រឡប់​ទៅវិញ ឃើញ​ដាក់លក់​ដដែល​។ រីឯ​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ដូច​មើលមិនឃើញ​។

​កន្លងទៅនេះ ក្រសួងបរិស្ថាន ក៏បាន​ផ្សព្វផ្សាយ​ពី​យុទ្ធនា​ការដាក់​អន្ទាក់​សូន្យ ក្នុងការ​បរបាញ់ ការជួញដូរ​សត្វព្រៃ ដល់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ខេត្ត​ត្រែង​ត្រែង​។​តែ​ការ​ដាក់លក់​សត្វព្រៃ តាម​ទីសាធារណៈ មិនបាន​រំខាន ដល់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ឡើយ​។

​ចំណែក លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទ​ង​ត្រែង បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​នៅពេល​ឱ្យ​មន្ត្រី​របស់លោក រៀបចំ​កម្លាំង​ចុះបង្ក្រាប​ម្តងៗ ក្រុម​ឈ្មួញ​លក់ដូរ​សាច់សត្វ​ព្រៃ តែងតែ​ដឹងខ្លួន​ជាមុន​រៀបចំ​ទុកដាក់​បាត់អស់​។ លោក​នឹង​បន្ត​ស្រាវជ្រាវ​ចាត់វិធានការ​បង្ក្រាប​៕/V​