ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​១០​ឆ្នាំ​ទីបំផុត​គ្រូបង្វឹក​ជម្រើសជាតិ​ចំបាប់​កម្ពុជា លោក Komeil Ghasemi ទីបំផុត​បានទទួល​មេដាយមាស កីឡា​អូឡាំពិក ទីក្រុង​ឡុង​ដ៍ ឆ្នាំ​២០១២ (2012 London Summer Olympic) ។​

​លោក Seyed Reza Salehi Amiri ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​សាធារណរដ្ឋ​​អ៊ីស្លាម​អ៊ីរ៉ង់ បានទទួល​មេដាយមាស កីឡា​ចំបាប់ អូឡាំពិក​ទីក្រុង​ឡុង​ដ៍ ឆ្នាំ​២០១២ ជំនួស​អត្ត​ព​លិ​ក​ជនជាតិ​អ៊ីរ៉ង់ លោក Komeil Ghasemi នៅ​ទីក្រុង Lausanne កាលពី​សប្តាហ៍​មុន​។ គឺ​ចំ​ពេលដែល​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក របស់​អ៊ីរ៉ង់ លោក Salehi Amiri និង​រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន នៃ​ប្រទេស​អ៊ីរ៉ង់​នេះ លោក Dr. Seyed Hamid Sajjadi បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Lausanne ប្រទេស​ស្វី​ស សម្រាប់​កិច្ចប្រជុំ​ជាច្រើន​ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)​។​នៅក្រៅ​កិច្ចប្រជុំ IOC ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​របស់​អ៊ីរ៉ង់​អ៊ីរ៉ង់​បានទទួល​មេដាយមាស ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ក្នុង​វិញ្ញាសា​សេរី បុរស ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម ប្រគល់ជូន​លោក Ghasemi ដែល​ដើមឡើយ​បានឈ្នះ​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ និង​ទើបតែ​សម្រេច​លទ្ធផល​ចុងក្រោយ កាលពី​ឆ្នាំទៅ​។​

​អ៊ីរ៉ង់​ត្រូវបាន​ជូនដំណឹង​កាលពី​ឆ្នាំមុន​ថា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានបញ្ចប់​ការស៊ើបអង្កេត​សារធាតុ​ហាមឃាត់​របស់​ពួកគេ លើ​កីឡាករ​ចំបាប់​អូឡាំពិក ២​នាក់ គឺ​កីឡាករ Arthur Taymazov មកពី​អ៊ូ​ស​បេ​គី​ស្ថាន ដែលជា​ម្ចាស់​មេដាយមាស និង​កីឡាករ Davit Modzamanashvili មកពី​ហ្ស​ក​ហ្ស៊ី ម្ចាស់​មេដាយប្រាក់​។ កីឡាករ ទាំង ២ ត្រូវបាន​ដកហូត​មេដាយ​របស់​ពួកគេ​បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន និង​ក្រោយពី​ធ្វើតេស្ត​គំរូ​របស់​ពួកគេ​ឡើងវិញ​ម្ដងទៀត ។​ជាមួយនឹង​ការកើនឡើង​ដល់​មេដាយមាស​អូឡាំពិក​លោក​Ghasemi​បាន​ក្លាយជា​កីឡាករ​ចំបាប់​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីរ៉ង់​។ ស្នាដៃ​របស់លោក​ក្នុង​ក្បាច់​ចំបាប់​សេរី (freestyle wrestling) មានដូចជា​៖
​លើ​ការប្រកួត​កម្រិត​ពិភពលោក ធ្លាប់​ឈ្នះ​៖

-​មេដាយមាស អូឡាំពិក​២០១២ នៅ​ទីក្រុង London ចក្រភព​អង់គ្លេស ក្នុង​ប្រភេទ​ទំងន់ ១២០​គីឡូក្រាម​។​
-​មេដាយ​សំរឹទ្ធ ជើងឯក​ពិភពលោក ឆ្នាំ​២០១៤ នៅ​ទីក្រុង Tashkent ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​ប្រភេទ​ទំងន់ ១២៥​គីឡូក្រាម​។​
-​មេដាយ​សំរឹទ្ធិ អូឡាំពិក​២០១៦ នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ប្រភេទ​ទំងន់ ១២៥​គីឡូក្រាម​។​

​លំដាប់​ទ្វីបអាស៊ី លោក​ធ្លាប់​ទទួលបាន​៖

-​មេដាយប្រាក់ ជើងឯក​អាស៊ី នាទី​ក្រុង Tashkent ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ឆ្នាំ​២០១១ ក្នុង​ប្រភេទ​ទំងន់ ១២០​គីឡូក្រាម​។​
-​មេដាយមាស ជើងឯក​អាស៊ី​នៅ ទីក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន ឆ្នាំ​២០១៤ ក្នុង​ប្រភេទ​ទំងន់ ១២៥​គីឡូក្រាម​។​
-​មេដាយប្រាក់ ជើងឯក​អាស៊ី នៅ​ទីក្រុង Doha ប្រទេស​កាតា ក្នុង​ឆ្នាំ​២០១៥ ក្នុង​ប្រភេទ​ទំងន់ ១២៥​គីឡូក្រាម​។​

​លោក Komeil Ghasemi បាន​ក្លាយជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២១​។ ស្នាដៃ​ចាប់តាំងពី​លោក​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ចំបាប់ គឺ​បាន​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយ ៦​គ្រឿង នៅ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ក្នុងនោះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​៤ ឈរ​នៅ​លេខ​២​ក្នុង​តារាង​មេដាយ​សរុប​ដែលមាន ៧​ប្រទេស ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​នេះ​៕​